ដំណឹងល្អៈក្រុមហ៊ុនចិនដ៏ធំគ្រោងបោះវិនិយោគជាង១២ពាន់លានដុល្លារលើវិស័យកសិ-ឧស្សាហកម្មនៅខេត្តចំនួនបួន

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ខេត្តចំនួន៤ជាប់បឹងទន្លេសាប របស់កម្ពុជា រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ត្រូវបានក្រុមហ៊ុន មានបទពិសោធន៍កសិឧស្សាហកម្ម នៅក្នុងប្រទេសចិន ដែលជាក្រុមហ៊ុនគំរូលើវិស័យកសិកម្ម សម្រេចជ្រើសរើសដើម្បីដាក់ទុនវិនិយោគ លើទំហំទឹកប្រាក់១២.៧ពាន់លានដុល្លារ លើវិស័យកសិ-ឧស្សាហកម្ម។

ការប្រកាសសម្រេចចុះបញ្ជីផ្លូវការ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងដោយ លោក ចៅ សូជី (Zhao Shujie) ប្រធានក្រុមហ៊ុនតាណុង (Danong Agricultural Development Group) នៅក្នុងសន្និសីទសារព័ត៌មាន ក្រោមអធិបតី លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា គម្រោងវិនិយោគកសិកម្ម បែបទំនើបនៅកម្ពុជា ដែលហៅថា “គម្រោងឧស្សាហូបនីយកម្មកសិកម្ម” ដែលក្រុមហ៊ុនតាណុង គ្រោងនឹងបោះទុនវិនិយោគ គឺមានចំនួនទឹកប្រាក់១២.៧ពាន់លានដុល្លារ លើផ្ទៃដី៧៥ម៉ឺនហិកតា”។ លោកបន្តថា គម្រោងនេះ នឹងផ្តោតលើផ្នែកជាច្រើន រួមមានទី១ ការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទី២ គ្រប់គ្រងនិងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣ បង្កើតធនាគារកសិកម្ម។

លោក ចៅ សូជី បានបន្ថែមថា គម្រោងកសិកម្មឆ្លាតវៃ ដែលនឹងចាប់ផ្តើមអនុវត្ត នាពេលឆាប់ៗខាងមុខនេះ គឺនឹងរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាង​ច្រើនចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលក្នុងនោះ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់។

លោកដួង តារារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា ក្រុមហ៊ុនតាណុង បានមកសិក្សាស្វែងយល់ ពីគម្រោងវិនិយោគនៅកម្ពុជា ចំនួន២លើករួចមកហើយ ដោយការចុះមកនេះ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា។

លោករំពឹងថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះ នឹងជួយជម្រុញការអភិវឌ្ឍ វិស័យកសិកម្មរបស់កម្ពុជាបានលឿន និងជួយឲ្យកម្ពុជា ក្លាយជាប្រទេសគំរូមួយ ក្នុងវិស័យកសិកម្ម នៅពេលអនាគត ហើយនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាកសិករ និងជួយទប់ស្កាត់ការចំណាកស្រុក របស់ប្រជាជនកម្ពុជាថែមទៀតផង។

គោលបំណងរបស់ក្រុមហ៊ុនតាណុង គឺចង់វិនិយោគលើការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វចំនួន៤ប្រភេទ នៅកម្ពុជារួមមាន ទី១ ដាំស្មៅសម្រាប់ចំណីសត្វ ទី២ បង្កាត់និងដាំពូជពោត ទី៣ ដាំ និងកែឆ្នៃដំឡូងមី និងទី៤ ចិញ្ចឹម និងបង្កាត់សត្វគោ និងជ្រូក ដោយផលិតផលទាំងនេះ ភាគច្រើនគឺសម្រាប់នាំចេញ ទៅកាន់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here