ដោយៈ តែម សុខុម
វៀងចន្ទន៍: គម្រោងស្ថានីយអគ្គិសនី ដើរដោយថាមពលខ្យល់ Monsoon Wind Power Project ក្នុងប្រទេសឡាវ ដែលធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមដំឡើងទួរប៊ីនថាមពលខ្យល់ហើយ បន្ទាប់ពីទួរប៊ីន និងកង្ហារខ្យល់ត្រូវបានបញ្ជូនពីប្រទេសថៃ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។
សារព័ត៌មាន Sekong News បានចុះផ្សាយថា អាជ្ញាធរខេត្តសេកុង នៃប្រទេសឡាវ បានស្វាគមន៍ការមកដល់នៃទួរប៊ីន និងកង្ហារខ្យល់ទាំងនេះ ហើយសង្ឃឹមថា នឹងអាចបញ្ចប់ការសាងសង់ស្ថានីយអគ្គិសនីតម្លៃ១,៥ពាន់លានដុល្លារអាមេរិក នេះដោយជោគជ័យតាមការគ្រោងទុក។
ទួរប៊ីនខ្យល់ចំនួន១១០ នឹងត្រូវដំឡើងក្នុងស្រុកដាក់ ជើង (Dak Cheung) ខេត្តសេកុង ខណៈទួរប៊ីនចំនួន២៣ទៀត នឹងត្រូវដំឡើងក្នុងស្រុកសានសាយ (Sanxay) ខេត្ដអត្តាពូវ (Attapeu) ឬ ខេត្តអាចម៍ក្រពើ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ សីហា។
ការសាងសង់គម្រោងដ៏មហិច្ឆតានេះ បានចាប់ផ្តើមនៅដើមខែមេសា ដើមឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៥។
អគ្គិសនីដែលផលិតបានពីស្ថានីយអគ្គិសនី ដែលដើរដោយថាមពលខ្យល់នេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេលកិច្ចសន្យា២៥ឆ្នាំ៕ Laotian Times៕