ដោយៈ តែម សុខុម
បាងកក: ក្រុមហ៊ុន PTTEP ដែលជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ប្រទេសថៃ គ្រោងបង្កើនការផលិតឧស្ម័នឱ្យបានច្រើន ដើម្បីបញ្ចៀសវិបត្តិថាមពលជាថ្មី។
នេះបើយោងតាមការទម្លាយឱ្យដឹងពីលោក Montri Rawanchaikul នាយកប្រតិបត្តិក្រុមហ៊ុននេះ។
ក្រុមហ៊ុន PTTEP ដែលគ្រប់គ្រងដោយរដ្ឋ គ្រោងបង្កើនការផលិតឧស្ម័នទ្វេរដង នៅកន្លែងខួងយកឧស្ម័ន Erawan ដ៏ធំបំផុតរបស់ខ្លួន ឱ្យឈានដល់២២,៦៥លានម៉ែត្រគីប ក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២៤។
លោកបន្ថែមថា កន្លែងខួងយកឧស្ម័ន Bongkok ដែលធំបំផុតទី២ របស់ក្រុមហ៊ុន PTTEP នឹងត្រូវបង្កើនការផលិតប្រមាណ១០%នៅឆ្នាំក្រោយ។
ការប្រកាសគម្រោងបង្កើនការផលិតនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន PTTEP បានស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលរងការរិះគន់ចំពោះការឡើងថ្លៃអគ្គិសនី ក្នុងស្រុកកាលពីឆ្នាំមុន ដោយសារការខកខានមិនបានជំរុញការខួងយកឧស្ម័ន ក្នុងស្រុកឱ្យបានគ្រប់គ្រាន់។
ការផលិតនៅកន្លែងខួងយកឧស្ម័ន Erawan បានធ្លាក់ចុះ៦៤%ក្នុងឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះ ដែលជាបុត្រសម្ព័ន្ធរុករកនៃក្រុមហ៊ុន PTT Public Company Limited បានកាន់កាប់កន្លែងខួងយកឧស្ម័ននេះ បន្តពីក្រុមហ៊ុនថាមពលដ៏ធំ របស់សហរដ្ឋអាមេរិក Chevron Corp ហើយបណ្ដាក្រុមហ៊ុនផលិតថាមពល ត្រូវបង្ខំចិត្តទិញឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងធម្មតានៅលើទីផ្សារអន្តរជាតិ។
ប្រទេសថៃ ទទួលបានថាមពលជាង៦០% ពីឧស្ម័នធម្មជាតិ ហើយបាន និងកំពុងបង្កើនការនាំចូល ដើម្បីបំពេញតម្រូវការក្នុងស្រុក។
ការហក់ឡើងថ្លៃ៤០% នៃតម្លៃឧស្ម័នក្នុងទីផ្សារអឺរ៉ុប កាលពីថ្ងៃពុធ សប្ដាហ៍មុន ដែលជាការហក់ឡើងថ្លៃខ្ពស់បំផុត ចាប់តាំងពីទីផ្សារពិភពលោក ត្រូវបានក្រឡាប់ចាក់ក្រោយរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្កការព្រួយបារម្ភជាថ្មី អំពីការទប់អត្រាតម្លៃអគ្គិសនី ដែលមានភាពរសើបខ្លាំងផ្នែកនយោបាយ៕ Bangkok Post៕