អាជ្ញាធរខេត្តបាត់ដំបងអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ

0

ដោយៈ ហ្វីអូណា

      បាត់ដំបងៈ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។

លោកក៏បានចុះត្រួតពិនិត្យ ការអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលជាគោលដៅទាក់ទាញទេសចរណ៍ចម្បងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ក្រោមការចង្អុលបង្ហាញរបស់ លោកអភិបាលនៃគណៈអភិបាលខេត្ត និងការដឹកនាំផ្ទាល់របស់លោកឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត លោក អ៊ុច អ៊ុំភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ទទួលបានវឌ្ឍនភាពរួមមាន ទី១ រៀបចំបញ្ជរលក់សំបុត្រ ទី២ តាមងបង្ហាញផ្ទាំងតម្លៃទស្សនា ទី៣ រៀបចំស្លាកចរាចរណ៍ និងស្លាកឈ្មោះល្អាងនានា ទី៤ រៀបចំបង្កាន់ដៃមើលទេសភាព និងអក្សរអនុស្សាវរីយ៍ភ្នំសំពៅ និងទី៥ រៀបចំចំណតភ្ញៀវ និងសណ្តាប់ធ្នាប់នានា។

ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការបានរៀបចំ “ផែនការលម្អិតរៀប​ចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ”។

ផែនការនេះ បានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗ រួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាប្រជៀវ។

(៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ការអនុវត្តផែនការសម្អិតនេះ ទាមទារឲ្យមានការចូលរួមបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះ ក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here