កម្ពុជា ចាប់ផ្ដើមចរចាជុំវិញការដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករកម្មការិនីសម្រាប់ឆ្នាំ២០២៤

0

តែម សុខុម

ភ្នំពេញ: ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NCMW) កាលពីថ្ងៃពុធ ទី១៦ ខែសីហា បានចាប់ផ្តើមការចរចាជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរសម្រាប់ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NCMW) បានធ្វើបច្ចុប្បន្នភាពស្ថិតិសំខាន់ៗស្តីពីលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ចសង្គម ដើម្បីបង្កើតជាមូលដ្ឋានសម្រាប់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤។

តំណាងនិយោជក និងកម្មករនិយោជិតមិនទាន់បានស្នើតួលេខជាក់លាក់រៀងៗខ្លួននៅឡើយទេសម្រាប់ការចរចានេះដោយសារពួកគេត្រូវការកិច្ចពិភាក្សាផ្ទៃក្នុងបន្ថែមទៀត។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NCMW) បានចេញសេចក្តីថ្លែងការណ៍ថា “កិច្ចប្រជុំបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា និងថ្ងៃទី៤ ថ្ងៃទី១១ ថ្ងៃទី១៨ និងថ្ងៃទី២៥ ខែកញ្ញា នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។

យោងតាមក្រសួងការងារឱ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលជាវិស័យរកប្រាក់ចំណូលធំបំផុតរបស់កម្ពុជា មានរោងចក្រប្រមាណ១.១០០កន្លែងជាមួយនឹងកម្មករនិយោជិតសរុបប្រមាណ៧៥០.០០០នាក់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជា បាននាំចេញផលិតផលទាំងនេះក្នុងទំហំសរុប៦,៣៦ពាន់លានដុល្លារអាមេរិក អំឡុងពេល៧ខែដើមឆ្នាំនេះដោយធ្លាក់ចុះ២០,៤%ពី៧,៩៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់វិស័យនេះគឺ២០០ដុល្លារ ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពី១៩៤ដុល្លារ ក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា កម្មករនិយោជិតក៏ទទួលប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតផងដែរដូចជា ប្រាក់រង្វាន់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ ក្នុងមួយខែ៕  Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here