ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំ និងប្រធានសាខាធនាគារហត្ថា បានប្រារពពិធីបិទបញ្ចប់ការសាងសង់ គ្រោងអាគារការិយាល័យកណ្តាលរបស់ខ្លួនកំពស់២២ជាន់ នៅលើមហាវិថីសម្តេចតេជោ។
ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ ក្នុងពិធីបិទបញ្ចប់គ្រោងអាគារនេះ នាព្រឹកថ្ងៃទី១៨ សីហានេះថា ការបិទបញ្ចប់ និងចាក់បេតុងដំបូលអគារនេះ គឺប្រៀបដូចជា ការការពារនូវកំដៅ ព្យុះភ្លៀងទាំងឡាយ ប៉ុន្តែមូលដ្ឋានរឹងមាំរបស់អាគារនេះ គឺគ្រឹះរបស់អគារ ដែលទ្រទ្រង់អគារឲ្យមានភាពរឹងមាំ ប្រៀបដូចជាធនាគារហត្ថា ដែលប្រធានសាខានិមួយៗត្រូវប្រតិបត្តិការ និងធ្វើតាមគោលនយោបាយ ដែលបានដាក់ចេញដោយការិយាល័យកណ្តាល។
-->

លោកបន្តថា អាគារការិយាល័យកណ្តាលកំពស់២២ជាន់ និងមានផ្ទៃក្រឡាទំហំជាង៥០,០០០ម៉ែត្រការ៉េនេះ នឹងប្រើប្រាស់សម្រាប់ការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ដែលយើងមានសេវាកម្មជាច្រើន សម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក ដូចជា កន្លែងធ្វើការ កន្លែងហាត់ប្រាណ ស្ទីម សូណា ភោជនីយដ្ឋាន ហាងកាហ្វេ តារាងបាល់ជាដើម។
ការសាងសង់អាគារនេះ នឹងបញ្ចប់ទាំងស្រុងនៅខែ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការសាងសង់អាគារនេះ គឺបង្ហាញពីមូលដ្ឋានរឹងមាំ និងផ្តល់ទំនុកចិត្តដល់សាធារណៈជនកាន់តែខ្លាំង ព្រោះធនាគារពាណិជ្ជនៅកម្ពុជា មិនសូវមានការិយាល័យកណ្តាលធំៗបែបនេះនៅឡើយទេ។
លោកបន្តថា សុខភាពធនាគារហត្ថា នៅតែមានភាពប្រសើរ បើទោះបីជាអត្រាសងត្រលប់យឺតយ៉ាវបន្តិចក្តី តែសុខភាពនៅក្នុងធនាគារនៅតែរឹងមាំ ប៉ុន្តែទំហំប្រាក់ចំណេញរបស់យើង បានថមថយបន្តិចប៉ុណ្ណោះ៕
