អ្នកឧកញ៉ាលឹម ហេងៈ ការកសាងតំបន់សេដ្ឋកិច្ចពិសេសជាវិធីនៃការជំរុញសេដ្ឋកិច្ចតាមបរិបថប្រទេសជឿនលឿន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគឱ្យដំណើរការជាមួយនឹងភាពងាយស្រួល នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

យោងតាមទិន្នន័យដែលចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន២៤ និងមានគម្រោងវិនិយោគសរុបចំនួន៥៦១គម្រោង ព្រមទាំងអាចបង្កើតការងារ ដល់ប្រជាជនក្នុងតំបន់បានប្រមាណ១៦ម៉ឺនកន្លែង។

អ្នកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲន្យដឹងកាលពីសប្តាហ៍មុនថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានកាន់តែច្រើន​ សេដ្ឋកិច្ចជាតិក៏នឹងរីកចម្រើន កាន់តែខ្លាំងដូចគ្នា។អ្នកឧកញ៉ាបានបញ្ជាក់ថា “តំបន់សេដ្ឋកិច្ចពិសេស មានកាន់តែច្រើន កាន់តែល្អ សម្រាប់សេដ្ឋកិច្ចយើង ជាពិសេសនៅតាមខេត្តជាប់ព្រំដែន វាធ្វើឱ្យមានកំណើនជីវភាពប្រជាពលរដ្ឋ ដែលនៅជុំវិញនោះកាន់តែធូរធា ដោយសារមានការងារធ្វើច្រើន សេដ្ឋកិច្ចមានដំណើរការ”។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើ​កឡើងផងដែរថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគឺមិនមាន ផ្ដល់ផលប៉ះពាល់ជាអវិជ្ជមាន សម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញវាគឺជារឿងចំណេញសម្រាប់សេដ្ឋកិច្ចជាតិ។ម្យ៉ាងទៀត សម្រាប់បរិបថនៃប្រទេសជឿនលឿន ពួកគេបានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសនេះ​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមកនេះ ក៏ជាការដើរតាមគម្រូ របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនផងដែរ។

លោកបណ្ឌិតហុង វណ្ណៈបានបន្តថា គេបង្កើតតំបន់នេះឡើងដើម្បីប្រមូលផ្ដុំអ្នកវិនិយោគឱ្យ​មកនៅជុំគ្នា​ និងមានការគាំទ្រពីរដ្ឋាភិបាល ដោយកសាងហេដ្ឋារចសម្ព័ន្ធជូន ហើយវិនិយោគិនក៏​មានភាពងាយស្រួលច្រើនក្នុងការធ្វើអាជីវកម្ម។

យោងតាមរបាយការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ទំហំការនាំចេញទំនិញពីកម្ពុជាទៅខាងក្រៅ ក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នានេះ មានការកើនឡើងប្រមាណ១០ភាគរយ ក្នុងមួយឆ្នាំ។ ហើយការកើនឡើងបែបនេះ ជាការរួមចំណែកមួយផ្នែកធំមកពីតំបន់សេដ្ឋកិច្ចពិសេសនេះឯង។

អ្នកឧកញ៉ា លឹម ហេងបានបង្ហាញសុទិដ្ឋិនិយមថា នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេស នៅតែមានការកើនឡើង តាមរយៈច្បាប់វិនិយោគថ្មីរបស់រាជរដ្ឋាភិបាល ដែលមានការយោគយល់ច្រើន ក្រៅពីនោះ ក៏មាននូវកិច្ចព្រមព្រៀងផ្សេងៗ ដែលជំរុញឱ្យមានការនាំ​ចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here