លោកឧកញ៉ាឈាង រ័ត្នៈ យើងនឹងបន្តអភិវឌ្ឍន៍លំនៅដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ

0

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ អគ្គនាយកបុរីបុស្បា លោកឧកញ៉ាឈាង រ័ត្នបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារលំនៅដ្ឋាននឹងនៅតែបន្តរីកចម្រើន ហេតុនេះក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍បន្តទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធការិ​យាល័យកណ្តាលរបស់ក្រុមហ៊ុនបុស្បា ប្រូផឹធីកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មី ប៉ុន្តែយើងមានភាពលេចធ្លោលើការអភិវឌ្ឍ និងយុទ្ឋសាស្រ្តទីផ្សារ ដោយការលក់ ​និងការសាងសង់របស់យើងនៅតែមានសកម្មភាព និងវឌ្ឍនភាពតាមផែន​ការដែលបានគ្រោងទុក។

លោកបន្តថា “ការអភិវឌ្ឍរបស់យើង បាននិងកំពុងទទួលបានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយយើងទទួលបានពានរង្វាន់ចំនួន១៣ពីអន្តរជាតិ ពិសេសពីអាមេរិក ចក្រភពអង់គ្លេស ប្រទេសថៃ និងពានរង្វាន់ក្នុងស្រុកជាច្រើន”។ លោកបន្តថា “ការទទួលបានពានរង្វាន់នេះ បានបញ្ជាក់ពីគុណតម្លៃរបស់យើង ព្រោះបើសួរថាហេតុអី យើងត្រូវប្រកួតប្រជែងយកពានរង្វាន់ គឺវាប្រៀបដូចជាសិស្ស បើមិនចូលរួមប្រលងទេ ពួកគេមិនដឹងពួកគេស្ថិតនៅចំណាត់ថ្នាក់ណាឡើយ”។

លោកបញ្ជាក់ថា “ពានរង្វាន់នេះ មិនមែនជាការទិញនោះទេ តែវាបានមកពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងមានការវាយតម្លៃត្រឹមត្រូវ ហើយបើមិនជាប់ក្នុងលក្ខខ័ណ្ឌរបស់ពួកគេកំណត់ទេ យើងមិនមានឱកាសទទួលបានការវាយតម្លៃ និងទទួលបានពានរង្វាន់ឡើយ”។

លោកឧកញ៉ាឈាង រ័ត្នបានប​ន្តថា យើងនឹងពង្រីកគំរោងបុរីបុស្បានាពេលបន្តបន្ទាប់ទៀត ប៉ុន្តែល្បឿនលឿនឬយឺត វាអាស្រ័យលើស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចរបស់យើង ប៉ុន្តែគោលបំណងរបស់យើងនឹងមិនផ្លាស់ប្តូរទេ គឺនឹងបន្តរួមចំណែកអភិវឌ្ឈន៍លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋរាប់រយពាន់ ម៉ឺនខ្នងបន្ថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here