តែម សុខុម
ហាណូយ: ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាវៀតណាម-ឡាវ បានស្នើគម្រោងសាងសង់ផ្លូវដែកមួយខ្សែប្រវែង១០៣គីឡូម៉ែត្រឆ្លងកាត់ខេត្តពីរនៃប្រទេសវៀតណាម គឺខេត្តហាទិញ (Ha Tinh) និងខេត្តក្វាងប៊ិញ (Quang Binh) ឆ្ពោះទៅដល់ព្រំដែនប្រទេសឡាវ។
ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនវៀតណាម ដេវកា គ្រុប (Deo Ca Group) និងក្រុមហ៊ុនឡាវ Petroleum Trading Lao Public Company នេះបានដាក់សំណើទៅក្រសួងដឹកជញ្ជូនរបស់វៀតណាម ដើម្បីសុំសាងសង់ផ្លូវដែកនេះក្នុងទំហំទឹកប្រាក់១,១៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃកាលពីសប្ដាហ៍មុន។
កំណាត់ផ្លូវដែកដែលមានឈ្មោះថា “វង់អាន-តាន់អាប់-មុហ្សា (Vung Ang – Tan Ap – Mu Gia) ខាងលើនេះនឹងរត់ពីកំពង់ផែវង់អាន (Vung Ang) ក្នុងខេត្តហាទិញ (Ha Tinh) ទៅកាន់មុហ្សា (Mu Gia) ជាជ្រលងភ្នំនៃជួរភ្នំអណ្ណាម (Annamite Range) ដែលស្ថិតនៅចន្លោះប្រទេសវៀតណាម និងប្រទេសឡាវ។
ផ្លូវដែកនេះនឹងត្រូវសាងសង់ក្រោមទម្រង់ចាប់ដៃគូសហកាតរវាងវិស័យសាធារណៈ និងឯកជន ជាផ្លូវដែកដែលអនុញ្ញាតឱ្យរថភ្លើងរត់ក្នុងល្បឿនអតិបរមា១៥០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញ។ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះបានសន្យាថា នឹងរ៉ាប់រងចេញរាល់ការចំណាយសម្រាប់ការសិក្សាគម្រោងនេះ និងទទួលយកការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងមិនត្រូវបានអនុម័ត។
គម្រោងផ្លូវដែកដែលបានស្នើឡើងនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវដែកវៀតណាម-ឡាវ ប្រវែង៥៥៤គីឡូម៉ែត្រដែលនឹងតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ របស់ឡាវ ជាមួយកំពង់ផែវង់អាន (Vung Ang) របស់វៀតណាម។គម្រោងផ្លូវដែកវៀតណាម-ឡាវ ប្រវែង៥៥៤គីឡូម៉ែត្រនេះត្រូវបានរដ្ឋាភិបាលអនុម័តឱ្យអនុវត្តមុនឆ្នាំ២០៣០៕ VN Express៕