ដោយៈ តែម សុខុម
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក កំពុងត្រៀមដាក់ពន្ធទណ្ឌកម្មធ្ងន់ធ្ងរ លើបណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡា ដែលសម្រេចផលិតផលរបស់ពួកគេ នៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន ទាំងកម្ពុជាផងដែលគេចវេះការបង់ពន្ធ លើទំនិញផលិតដោយប្រទេសចិន។
ពន្ធទណ្ឌកម្មនេះ គំរាមកំហែងជំរុញឱ្យថ្លៃដើម នៃថាមពលកកើតឡើងវិញហក់ឡើងថ្លៃខ្ពស់ និងធ្វើឱ្យការអភិវឌ្ឍថាមពលស្អាតនៅសហរដ្ឋអាមេរិកមានសន្ទុះយឺត ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលសូឡាទាំងនោះ មិនអាចស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀតបានទេនោះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយចុះផ្សាយកាលពីសប្ដាហ៍មុន។
-->
ផលិតផលបន្ទះសូឡាមួយចំនួន ដែលនាំចេញពីតំបន់អាស៊ាន ពេលនេះ អាចប្រឈមនឹងការបង់ពន្ធខ្ពស់ រហូតដល់ទៅ២៥៤%ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក បានរកឃើញថា បណ្ដាក្រុមហ៊ុនដែលកំពុងដំណើរការ នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា បាននិងកំពុងគេចពន្ធអស់រយៈពេលជាយូរមកហើយ។
សហរដ្ឋអាមេរិក បានដាក់ចេញរបបពន្ធប្រឆាំង នឹងការលក់បង្ខូចថ្លៃ (Anti-Dumping Duties) រយៈពេលមួយទសវត្សរ៍មកហើយលើផលិតផលបន្ទះសូឡា ដែលផលិតដោយប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតមួយ របស់ក្រសួងពាណិជ្ជកម្មអាមេរិក បានរកឃើញថា បណ្ដាក្រុមហ៊ុនចិន ទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលចិន ដោយមិនត្រឹមត្រូវ ដើម្បីជួយរក្សាតម្លៃផលិតផលរបស់ពួកគេ ឱ្យនៅថោកធៀបនឹងផលិតផលដទៃ។
សេចក្ដីសម្រេចដែលត្រូវបានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍មុននេះ បានចង្អុលបង្ហាញក្រុមហ៊ុនចំនួន៥ ដែលជាក្រុមហ៊ុនចិន ឬដែលមានទំនាក់ទំនងជាមួយប្រទេសចិន ថាបានគេចពន្ធគយ។
ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន Canadian Solar Inc នៅប្រទេសថៃ ក្រុមហ៊ុន BYD (HK) Co Ltd និងក្រុមហ៊ុន New East Solar (Cambodia) Co Ltd នៅកម្ពុជា និងនៅវៀតណាម ក្រុមហ៊ុន Trina Solar Science & Technology និងក្រុមហ៊ុន Vina Solar Technology Co ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនចិន Longi Green Energy Technology Co។
ឧស្សាហកម្មថាមពលសូឡារបស់សហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលពីអាស៊ីអាគ្នេយ៍ ដោយបណ្ដាប្រទេសដែលរងផលប៉ះពាល់ពីសេចក្ដីសម្រេចនេះ ផ្គត់ផ្គង់ប្រមាណ៧៥%នៃផលិតផលបន្ទះសូឡា ដែលប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។
ក្រោមសេចក្ដីសម្រេចនេះ ក្រុមហ៊ុនផលិតបន្ទះសូឡាទាំងអស់ផ្សេងទៀត នៅក្នុងប្រទេសទាំង៤ខាងលើ រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា នឹងត្រូវទទួលបន្ទុកបង់ពន្ធថ្មី លុះត្រាតែពួកគេអាចបញ្ជាក់បានថា ការនាំចេញរបស់ពួកគេមិនបានគេចពន្ធគយ៕ Bangkok Post៕