ដោយ: គង់ លាងហួរ
បាងកក: ធនាគារកណ្តាលថៃបានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែស្ថិតនៅលើផ្លូវមួយ ក្នុងការស្ទុះងើបឡើងវិញ ខណៈដែលវិស័យទេសចរណ៍បានងើបឡើងវិញ ពោលគឺស្របទៅតាមការមកដល់កាន់តែច្រើន នៃចំនួនភ្ញៀវទេសចរបរទេស។
ធនាគារកណ្តាលថៃ (BoT) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពសេដ្ឋកិច្ចត្រូវបានគេមើលឃើញថា មានភាពប្រសើរឡើងវិញបន្តិចម្តងៗ ដោយវិស័យទេសចរណ៍នៅតែជាកត្តាជំរុញដ៏សំខាន់។
-->
ធនាគារកណ្តាលថៃបានបន្តទៀតថា ប្រទេសថៃបានកត់ត្រាអតិរេកគណនីចរន្ត ក្នុងទឹកប្រាក់ចំនួន១,៤ពាន់លានដុល្លារ ក្នុងខែមិថុនា បន្ទាប់ពីជួបប្រទះឱនភាព ចំនួន២,៨ពាន់លានដុល្លារក្នុងខែឧសភា។ចំណែកឯការនាំចេញ ដែលធ្លាប់ជាកត្តាជំរុញដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ៥,៩%នៅក្នុងខែមិថុនា ដែលនេះជាល្បឿនដូចគ្នាបើធៀបនឹងខែឧសភា។
យោងតាម ធនាគារ BoT បានឱ្យដឹងទៀតថា ការប្រើប្រាស់ឯកជនបានធ្លាក់ចុះ០,៣% នៅក្នុងខែមិថុនាធៀបនឹងខែឧសភា ខណៈដែលការវិនិយោគឯកជន បានធ្លាក់ចុះ១,៨% នៅក្នុងខែមិថុនា។ធនាគារកណ្តាលថៃ បានបន្ថែមថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ សេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសថៃបានបង្ហាញពីភាពប្រសើរឡើងវិញ ក្នុងកម្រិតមធ្យមបើធៀបនឹងត្រីមាសមុន ដោយសារចំនួនភ្ញៀវទេសចរបរទេស និងសេវាកម្មបានកើនឡើង៕