លោក ចូ បៃដិន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក  ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ទៅកាន់ប្រទេសនេះ នៅពាក់កណ្តាលខែកញ្ញាខាងមុខ។

នេះបើយោងតាមសារពត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយដកស្រង់សម្តីមនុស្ស៣នាក់ ដែលមានចំណេះដឹងអំពីការរៀបចំផែនការនៃកិច្ចព្រមព្រៀងនេះ។

Politico បានអះអាងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេរភាគីថ្មី ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ជាន់ខ្ពស់របស់ខ្លួន ក្នុងវិស័យជាច្រើន ដូចជាការផលិតបន្ទះ semiconductor និងបញ្ញាសិប្បនិម្មិត។

យោងតាមប្រភព​ដែល​ដឹង​ពី​គម្រោង​នេះ ​បាន​ប្រាប់​សារពត៌មាន Reuter កាលពី​ថ្ងៃ​សុក្រ​ថា លោក Biden បាននិងកំពុង​ថ្លឹងថ្លែង​ដំណើរ​ទស្សនកិច្ច ​នៅ​ខែ​កញ្ញា​របស់លោក ទៅ​កាន់ប្រទេស​វៀតណាម។

លោក ចូ បៃដិន បានមានប្រសាសន៍ កាលពីដើមខែសីហានេះថា លោកនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែប្រទេសនេះ ចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងចង់ក្លាយជាដៃគូដ៏សំខាន់មួយរបស់យើង។

យ៉ាងណាមិញ សេតវិមានមិនបានបញ្ជាក់ពីផែនការ នៃដំណើរទស្សនកិច្ចនោះទេ។ នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងនូវបំណង ចង់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែស៊ីជម្រៅ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងទំនាក់ទំនង ជាមួយដៃគូក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងប្រទេសចិន។

នៅក្រោយប្រសាសន៍​របស់​លោកចូ បៃដិន ក្រុមមន្រ្តីអាមេរិក​មិនបាន​លម្អិត ពីការពង្រឹងទំនាក់ទំនងអាមេរិក -វៀតណាមនោះទេ ប៉ុន្តែអ្នកជំនាញ​ជឿថា វា​អាច​រាប់បញ្ចូល​ការបង្កើន សហប្រតិបត្តិការយោធា និងការលក់សព្វាវុធអាមេរិកទៅ​ឲ្យវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here