ដោយ: គង់ លាងហួរ
បាងកក: អ្នកអភិវឌ្ឍថៃគ្រោងជំរុញឱ្យរដ្ឋាភិបាលថ្មីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងផ្តល់ការកាត់បន្ថយពន្ធ ដើម្បីបង្កើនអំណាចនៃការទិញអចលនទ្រព្យ ខណៈចំនួនយូនីតផ្ទះ និងអត្រាការប្រាក់បន្តកើនឡើង។
លោក Saenphin Sukhee នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Frasers Property Home (Thailand) បានលើកឡើងថា តម្លៃលំនៅដ្ឋានបានហក់ឡើង ជាការឆ្លើយតបទៅនឹងការកើនឡើងនៃថ្លៃចំណាយ ដូចជាការឡើងថ្លៃដីចន្លោះពី៣០ ទៅ៥០% ក៏ដូចជាការកើនឡើងនៃតម្លៃសំណង់ផងដែរ។
លោកបានបន្តថា “តម្លៃសំណង់ខ្ពស់នាពេលបច្ចុប្បន្ននេះ គឺមិនទាន់បានរាប់បញ្ចូលទាំងការសន្យាដំឡើងប្រាក់ ឈ្នួលអប្បបរមាដោយគណបក្សនយោបាយដែលអាចកើនដល់៤៥០ ទៅ៦០០បាត ក្នុងមួយថ្ងៃនោះទេ”។ លោកបញ្ជាក់ថានេះជាបញ្ហាប្រឈម ព្រោះវានឹងប៉ះពាល់ដល់ថ្លៃចំណាយលើការអភិវឌ្ឍលំនៅដ្ឋាន។
-->
លោក Saenphin បានមានប្រសាសន៍ទៀតថា “កំណើនប្រាក់ចំណូលរបស់អ្នកទិញផ្ទះមិនអាចតាមទាន់នឹងការកើនឡើងនៃថ្លៃដើមទៅលើការអភិវឌ្ឍនោះទេ ហើយជាលទ្ធផលឱកាសសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាបក្នុងការទិញផ្ទះមានតិចជាងមុន”។
លោកបានអះអាងថា ដើម្បីជួយសម្រាលបន្ទុកនៃការបង់រំលោះផ្ទះសម្រាប់អ្នកទិញស្របពេលសេដ្ឋកិច្ចងើបឡើងវិញយឺត រដ្ឋាភិបាលថ្មីគួរតែផ្តល់អត្រាការប្រាក់ពិសេសសម្រាប់រយៈពេលមួយ ឬពីរឆ្នាំដំបូងសម្រាប់អ្នកទិញ
លើកដំបូង។
លោក Saenphin បានបន្ថែមថា “ធនាគារកណ្តាលថៃគួរតែលើកទឹកចិត្តឱ្យធនាគារពាណិជ្ជមានភាពបត់បែនបន្ថែមទៀតក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ ហើយការកាត់បន្ថយពន្ធគឺជាការលើកទឹកចិត្តមួយផ្សេងទៀតដែលអាចជួយជំរុញតម្រូវការទិញផ្ទះផងដែរ”។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានឱ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះកំពស់ទាបថ្មី ដែលមានដាក់លក់នៅតំបន់Greater Bangkok ក្នុងត្រីមាសទី២ បានកើនឡើង១,១% ដល់១២៩,៧ពិន្ទុ ធៀបនឹង១២៨,៣ពិន្ទុ ក្នុងត្រីមាសទី១។
លោក Vichai Viratkapan អគ្គនាយកស្តីទីរបស់មជ្ឈមណ្ឌល REIC មានប្រសាសន៍ថា “ការកើនឡើងនៃតម្លៃផ្ទះកំពស់ទាបភាគច្រើន ស្ថិតក្នុងគម្រោង ដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២១-២០២២ ដោយសារកំណើននៃតម្លៃសម្ភារៈសំណង់ ដីធ្លី និងប្រាក់ឈ្នួល”៕