តើលោក ថាក់ស៊ីន ពិតជាក្លាហានហ៊ានជាន់ទឹកដីថៃ នៅថ្ងៃនេះ​មែនឬ?

0

តែម សុខុម

បាងកក: អតីតនាយករដ្ឋមន្ត្រីថៃ ដែលរត់ភៀសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា លោកនឹងធ្វើមាតុភូមនិវត្តន៍មកកាន់ប្រទេសថៃ វិញនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា នេះ ហើយនឹងគ្មានការពន្យារពេលទៀតឡើយ។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយក្នុងថ្ងៃនេះ។

កូនស្រីរបស់លោក ថាក់ស៊ីន ឈ្មោះ ភែថងថាន (Paetongtarn) បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Instagram គាត់នឹងទៅទទួលប៉ារបស់គាត់នៅអាកាសយានដ្ឋានដនមឿង ក្នុងទីក្រុងបាងកក វេលាម៉ោង៩:០០ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា នេះ។

ទន្ទឹមនេះដែរ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅមុននេះបន្តិចថា ថ្ងៃដែលគាត់រង់ចាំជួបជុំជាមួយលោក ថាក់ស៊ីន និងក្រុមគ្រួសារបានមកដល់ហើយ។

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួនឯងនៅក្រៅប្រទេសតាំងពីខែសីហា ឆ្នាំ២០០៨ បានប្រាប់សារព័ត៌មាន BBC Thai ថា លោកនឹង “ពិតប្រាកដជា” ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសថៃ នៅថ្ងៃអង្គារ ទី២២ ខែសីហា នេះដោយគ្មានការពន្យារពេលទៀតឡើយ។

លោកបញ្ជាក់ថា លោកនឹងចេញដំណើរពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ឆ្ពោះមកកាន់ប្រទេសសិង្ហបុរី មុនពេលចុះចតនៅទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង៩:០០ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា នេះ។

ការធ្វើមាតុភូមិនិវត្តន៍របស់លោក ថាក់ស៊ីន គឺស្របគ្នានឹងថ្ងៃដែលសភាថៃ នឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

ទោះជាយ៉ាងណា លោកបានបដិសេធថា ព្រឹត្តិការណ៍ទាំងពីរនេះគ្មានអ្វីទាក់ទងគ្នាឡើយ ដោយអះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់លោកត្រូវបានគ្រោងទុក មុនពេលប្រធានសភាថៃ លោក វ៉ាន មូហាម៉ាត់ នួ ម៉ាថា (Wan Muhamad Noor Matha) កំណត់ពេលសម័យប្រជុំបោះឆ្នោតកាលពីសប្តាហ៍មុន៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here