ដោយ: គង់ លាងហួរ
បាងកក: ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) គ្រោងនឹងបិទ Facebook ក្នុងប្រទេសថៃ ដោយសារតែអសមត្ថភាពរបស់វេទិ កាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយពាណិ ជ្ជកម្មក្លែងបន្លំ។
ក្រសួងគ្រោងស្នើសុំដីការបស់តុលាការ ដើម្បីបិទការចូលប្រើប្រាស់បណ្តាញសង្គមFacebook ក្នុងប្រទេស ក្រោយកើតមានឧប្បត្តិហេតុថ្មីៗនេះពាក់ព័ន្ធនឹង Facebook ដែលទទួលលុយពីគេហទំព័រ ឬផេកក្លែងបន្លំ និងបានដើរតួជាអ្នកឧបត្ថម្ភ ដើម្បីបោកបញ្ឆោត និងទាក់ទាញពលរដ្ឋឱ្យមកបណ្តាក់ទុន ដោយបង្កឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋថៃជាច្រើន និងបង្កការខូចខាតក្នុងទឹកប្រាក់ លើសពី១០០ពាន់លានបាត(ប្រហែល២,៨៥ពាន់លានដុល្លារអាមេរិក)។
-->
លោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បានមានប្រសាសន៍ថា តាមរយៈស្ថិតិបង្ហាញថា ជាង៧០% នៃការបោកប្រាស់បែបវិនិយោគ(Scams)តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានធ្វើឡើងតាមរយៈFacebook ហើយប្រហែល៩០% នៃការបោកប្រាស់លើផលិតផលអនឡាញ(Scams) ក៏ត្រូវបានសម្របសម្រួលតាមរយៈវេទិកានេះផងដែរ។

លោក Chaiwut បានបន្តថា បច្ចុប្បន្ននេះ ក្រសួងកំពុងចងក្រងភស្តុតាងប្រឆាំង នឹងអ្នកទទួលខុសត្រូវ ចំពោះអំពើខុសឆ្គងនៅលើវេទិកាFacebook ដោយមានគោលបំណងបង្ហាញ វាទៅកាន់តុលាការ ដើម្បីទទួលបានដីកាបិទនៅក្នុងខែសីហានេះ។
ក្រសួងស្នើឱ្យតុលាការបញ្ជាឱ្យបិទ Facebook ក្នុងរយៈពេល៧ថ្ងៃខាងមុខ ក្រោយពីឧបទ្ទវហេតុថ្មីៗនេះ បានបណ្តាលឱ្យជនរងគ្រោះជាង២០០.០០០នាក់ ទទួលរងការខូចខាតក្នុងទឹកប្រាក់លើសពី១០០ពាន់លានបាត។
លោក Chaiwut បានសង្កត់ធ្ងន់ថា ប្រសិនបើ Facebook មានបំណងចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសថៃ ក្រុមហ៊ុនFacebook ត្រូវតែទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យអ្វីដែលលេចចេញឡើង នៅលើវេទិការបស់ខ្លួន។
ទោះបីជាមានការពិភាក្សាគ្នារវាងក្រសួង និង Facebook យ៉ាងណាក្តី ប៉ុន្តែក៏មិនមានសកម្មភាពណាមួយ ត្រូវបានគេយកទៅពិនិត្យ ឬកំណត់អត្តសញ្ញាណ គេហទំព័របោកប្រាស់ឡើយ ដែលមូលហេតុនេះបានអនុញ្ញាតឱ្យគេហទំព័រ ទាំងនោះបន្តបោកប្រាស់ពលរដ្ឋថៃ៕