Hattha top Banner

ទីក្រុងតូក្យូ គ្រោងលុបបំបាត់រាល់តំបន់ដែលប្រមូលផ្ដុំដោយផ្ទះឈើចាស់ៗដើម្បីបញ្ចៀសសោកនាដកម្ម

0

តែម សុខុម

តូក្យូ: រដ្ឋបាលក្រុងតូក្យូ កំពុងប្រឹងប្រែងលុបបំបាត់រាល់តំបន់លំនៅឋានដែលប្រមូលផ្ដុំដោយផ្ទះឈើចាស់ៗឱ្យអស់នៅត្រឹមឆ្នាំ២០៤០ ដើម្បីត្រៀមខ្លួនសម្រាប់គ្រោះរញ្ជួយដីដ៏ធំមួយដែលអាចវាយប្រហារទីក្រុងនេះ។

គិតត្រឹមឆ្នាំ២០២០ ទីក្រុងតូក្យូ មានតំបន់បែបនេះគិតជាផ្ទៃ៨.៦០០ហិកតាដែលត្រូវបានរំពឹងថានឹងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងករណីមានគ្រោះរញ្ជួយដីដ៏ធំមួយកើតឡើង។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា។

នៅក្នុងគ្រោះរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារទីក្រុងតូក្យូ និងបណ្ដាតំបន់ជុំវិញកាលពីមួយសតវត្សរ៍មុន មនុស្សប្រមាណ៩២.០០០នាក់បានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះនៅក្នុងតំបន់ផ្តះឈើបែបនេះ។

នៅពេលតំបន់កណ្តាលក្រុងតូក្យូ ត្រូវបានសាងសង់ឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដីក្នុងឆ្នាំ១៩២៣ ប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ និងកម្មករសំណង់បានសាងសង់ផ្ទះនៅក្នុងតំបន់ជុំវិញ ដែលគេនិយាយថាជាប្រភពដើមនៃការកកើតតំបន់ផ្ទះឈើចាស់ៗជាច្រើននាពេលបច្ចុប្បន្ន។

បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ រដ្ឋបាលក្រុងនេះបានធ្វើផែនការអភិវឌ្ឍន៍ឡើងវិញជាទ្រង់ទ្រាយធំ រួមទាំងតំបន់ដែលមានផ្ទះឈើច្រើនផងដែរ។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះត្រូវបានទុកចោលនៅក្នុងតំបន់ភាគច្រើនដោយសារការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន។

មន្ត្រីរដ្ឋបាលក្រុងនេះមួយរូបបាននិយាយថា “តំបន់ដែលរួចផុតពីគ្រោះមហន្តរាយនិងសង្គ្រាមត្រូវបានទុកចោល”។

ចាប់តាំងពីឆ្នាំ២០១៣ រដ្ឋបាលក្រុងនេះបាននិងកំពុងជំរុញការសាងផ្ទះឈើចាស់ៗឡើងវិញយ៉ាងសកម្មតាមរយៈការផ្តល់ឧបត្ថម្ភធន និងការបន្ធូរបន្ថយពន្ធនៅក្នុងតំបន់កំណត់ដែលត្រូវការកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់។

ដោយសារកិច្ចខិតខំប្រឹងប្រែងបែបនេះ ទំហំនៃតំបន់ដែលប្រមូលផ្តុំដោយផ្ទះឈើចាស់ៗក្នុងទីក្រុងតូក្យូ បានធ្លាក់ចុះពីប្រមាណ២៤.០០០ហិកតាក្នុងឆ្នាំ១៩៩៦ មកនៅត្រឹមប្រមាណ៨.៦០០ហិកតាក្នុងឆ្នាំ២០២០ ប៉ុន្តែនៅឆ្ងាយពីគោលដៅនៅឡើយ។

នៅក្នុងតំបន់ទាំងនេះ ផ្លូវថ្នល់មានសភាពតូចចង្អៀត ហើយសិទ្ធិកាន់កាប់ដីធ្លីមានភាពស្មុគស្មាញ ដែលធ្វើឱ្យការសាងសង់ផ្ទះឡើងវិញ និងការពង្រីកផ្លូវជួបការលំបាក។

នៅទូទាំងប្រទេសជប៉ុន មានផ្ទៃដីតំបន់ក្រុងចំនួន១.៨៧៥ហិកតាដែលប្រឈមនឹងហានិភ័យខ្ពស់នៃការរាលដាលអគ្គិភ័យក្នុងករណីមានគ្រោះមហន្តរាយកើតឡើង ពីព្រោះប្រជាជនពិបាកជម្លៀសចេញដោយសារផ្លូវតូចចង្អៀត៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here