នាយករដ្ឋមន្ត្រីឡាវ និងវៀតណាម ផ្ញើលិខិតអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី

0

តែម សុខុម

ក្រុមមេដឹកនាំវៀតណាម កាលពីថ្ងៃអង្គារ ទី២២ ខែសីហា បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ឃួន សុដារី ក្នុងឱកាសនៃការបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលថ្មី។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Phạm Minh Chính) បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោក វួង ឌិញហឿ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតអបអរសាទរចំពោះលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងលិខិតទាំងនោះ មេដឹកនាំវៀតណាម បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនក្នុងការកសាងប្រទេស សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពដែលដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីឡាវ លោក សុនណាឆៃ ស៊ីផាដន (Sonexay Siphadone) ក៏បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ផងដែរ។

លិខិតអបអរសាទរនោះមានខ្លឹមសារដូច្នេះថា “តាងនាមរដ្ឋាភិបាលឡាវ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងជូនពរឯកឧត្តមក្នុងឱកាសទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

តាមរយៈលិខិតនោះ លោកក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរីកចម្រើនឥតឈប់ឈររវាងប្រជាជាតិទាំងពីរផងដែរ៕ VN News/Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here