ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ គណៈរដ្ឋមន្ត្រីរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។
កិច្ចប្រជុំដែលបង្ហាញពីការចាប់ផ្តើម ចេញដំណើរនៃនាវាកម្ពុជា ក្នុងនីតិកាលថ្មី ជាមួយនាយករដ្ឋមន្ត្រីថ្មី កំពុងនាំឱ្យមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរថា តើនាយករដ្ឋមន្ត្រីវ័យ៤៥ឆ្នាំរបស់កម្ពុជា នឹងបង្ហាញអ្វីខ្លះពាក់ព័ន្ធនយោបាយដឹកនាំរបស់ខ្លួន?។
-->
កិច្ចប្រជុំដែលជាការបើកទំពរថ្មី នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដ៏មានសារៈសំខាន់នាថ្ងៃស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋខ្មែរ ដោយមានការផ្សាយផ្ទាល់ តាមបណ្តាញផ្សព្វផ្សាយនានាផងដែរ។
បន្ទាប់ពីការថ្លែងសារ ទៅកាន់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នឹងដឹកនាំសមាជិក សមាជិកាដ៏មានថាមពលរបស់ឯកឧត្តម ពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។
យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សា នាថ្ងៃស្អែករួមមាន ទី១ ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១”។ ទី២ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី ការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច”។ទី៣ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។ ទី៤ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី និងទី៥ បញ្ហាផ្សេងៗ។
ការបើកសម័យប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺចំថ្ងៃដែលឯកឧត្តមបានកើត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃព្រហស្បតិ៍ ៨កើត ដែលជាថ្ងៃសីល៕