វិភាគៈ វិស័យអចលនទ្រព្យបញ្ហាប្រឈមចំពោះមុខ និងក្តីសង្ឃឹម

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ ពីរទសវត្សរ៍ចុងក្រោយ មុនពេលវិបត្តិកូវីដ១៩មកដល់ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន អ្នកអភិវឌ្ឈន៍ និងភ្នាក់ងារអចលនវត្ថុនានាបានរីករាយ ជាមួយនឹងការរីកចម្រើនយ៉ាងលឿនស្លេវ នៃវិស័យថ្មីមួយនេះ ជាមួយកំណើនប្រាក់ចំណេញយ៉ាងលឿន។

មនុស្សភាគច្រើន បានទទួលផលចំណេញ ពីការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ដែលទីផ្សារមានសភាពពុះកញ្រ្ជោលជាមួយអំណាច នៃការទិញរបស់ប្រជាជនក្នុងស្រុក និងការវិនិយោគពីសំណាក់ជនបរទេស។

ស្ថានភាពទីផ្សារកំពុងប្រែប្រួលដូចម្តេច?
 ទីផ្សារនេះក្រោយពីកំណើនដូចពពុះសាប៊ូ បានដាំក្បាលចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២០ ជាពេលដែលពិភពលោកចាប់ផ្តើមកលយុគនឹងវិបត្តិជំងឺកូវីដ១៩ ហើយកម្ពុជាក៏មិនអាចគេចផុតពីរលកដ៏កំណាចនេះផងដែរ។

រហូតដល់ឆ្នាំ២០២៣នេះ ទីផ្សារបានចាប់ផ្តើមថមថយល្បឿនបន្តិចម្តងៗ រាប់ចាប់តាំងពីការបញ្ជាទិញ ឬការវិនិយោគពីបរទេស និងអំណាចនៃការទិញក្នុងស្រុក ចាប់ផ្តើមក្រឡាប់ចាក់ ដែលធ្វើឲ្យទីផ្សារនេះនៅតែមានសភាពមិនច្បាស់លាស់ រហូតដល់ពាក់កណ្តាលនៃត្រីមាសទី៣ឆ្នាំនេះ។

តើឆ្នាំ២០២៤ទីផ្សារមានសភាពបែបណា? គ្មានអ្នកណាអាចព្យាករណ៍ ឬទស្សន៍ទាយបាននៅឡើយទេ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ធំៗ កំពុងបង្ហាញសញ្ញាសុទិដ្ឋិនិយម សម្រាប់ឆ្នាំខាងមុខ ខណៈអ្នកវិភាគមួយចំនួនបានលើកឡើងថា វិស័យនេះនឹងដាំក្បាលចុះបន្តទៀត។

វិបត្តិចេញពីផ្ទៃក្នុង

        អ្នកអភិវឌ្ឈន៍ ដែលមិនបានសិក្សាទីផ្សារ ឲ្យបានច្បាស់លាស់ រាប់ចាប់ពីអ្នកទិញដីពុះឡូត៍ អ្នកអភិវឌ្ឈន៍លំនៅដ្ឋាន ខុនដូ និងការគ្មានច្បាប់កំណត់តំបន់អភិវឌ្ឈន៍ត្រឹមត្រូវ(Zoning Law) បានជះឥទ្ឋិពលបន្ថែមពីវិបត្តិជំងឺកូវីដ ដែលទើបផុសរលត់ ប៉ុន្តែវិបត្តិរុស្ស៊ី និងអ៊ុយក្រែន ដែលមានសភាពកាន់តែអាក្រក់បាន និងកំពុងញាំញីទីផ្សារនេះ។

អ្នកវិភាគ និងសេដ្ឋវិទូបានព្រមានជាយូរមកហើយ ពីវិបត្តិនៅក្នុងវិស័យនេះ ស្របពេលស្ថាប័នហិរញ្ញវត្ថុ រាប់ចាប់ពីធនាគារពាណិជ្ជ ធនាគារឯកទេស និងស្ថាប័នមីក្រូហិរញ្ញវត្ថុភាគច្រើនលើសលុប បានបិទលែងផ្តល់ឥណទាន ដល់អ្នកអភិវឌ្ឍន៍នានា ។

ប្រធានធនាគារធំមួយនៅកម្ពុជាបានថ្លែងថា យើងមានសល់លុយរាប់រយលានដុល្លារ សម្រាប់ផ្តល់ឥណទាន ប៉ុន្តែគោលនយោ​បាយផ្ទៃក្នុងរបស់យើង គឺមិនបញ្ចេញឥណទាន ដល់អ្នកអភិវឌ្ឈន៍ក្នុងវិស័យនេះទេ។

ទីផ្សារប្រែព៌ណ

        ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិមានភាពឆ្លាតវៃជាងមុន ប៉ុន្តែពួកគេនៅតែបន្តចាប់ឱកាស ដោយសារទីផ្សារនេះ នៅតែមានត្រីធំៗសម្រាប់ចាប់ ប៉ុន្តែចំនួនអ្នកចាប់ត្រីបានកើនជាងមុន ខណៈទំហំបឹង និងចំនួនត្រីនៅដដែល។

ប៉ុន្តែវិបត្តិ ដែលបានអូសបន្លាយរយៈពេល៤ឆ្នាំមកនេះ ទាំងអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ហាក់បីដូចជាស្រង៉ល់ និងឆ្លាតវៃ ហើយប្រុងប្រយ័ត្នជាងមុន ខណៈអ្នកអភិវឌ្ឍន៍ជាច្រើនបាន និងកំពុងជាប់ផុសក្នុងអន្ទាក់បំណុល និងគាំងលំហូរសាច់ប្រាក់ និងអ្នកអភិវឌ្ឍន៍មួយចំនួនត្រូវបានចាប់ខ្លួន ដោយសារការគាំងលំហូរសាច់ប្រាក់ និងបានផុងខ្លួនជាមួយចេតនាមិនល្អ ក្នុងការវិនិយោគលើវិស័យនេះ។

រហូតមកទល់ពេលនេះ អ្នកក្លាហាន ដែលហានកាន់ដាវគ្រវីក្នុងពិភពគុន មិនមានច្រើននោះទេ ហើយប្រសិនជាពួកគេសម្រេចចិត្តដកដាវពីស្រោមមកកាប់ ក៏ពួកគេកាប់ត្រី ដែលមានតម្លៃក្រោមទីផ្សារ ប៉ុន្តែពួកគេក៏អាចប្រឈម នឹងវិបត្តិជាប់គាំងលំហូរសាច់ប្រាក់ផងដែរ។

អ្វីដែលគេកត់សំគាល់ឃើញ រហូតមកទល់ពេលនេះ គឺអ្នកវិនិយោគភាគច្រើន ពិសេសផ្នែកដីធ្លី ពួកគេទិញមានបំណងយកមកសាងសង់អ្វីមួយ ដើម្បីបង្កើតចំណូលសកម្ម ប៉ុន្តែអ្នកអភិវឌ្ឍន៍លំនៅដ្ឋានតូច ធំ ពួកគេបានសាងសង់ផ្ទះ តាមតម្រូវការអតិថិជន ជាជាងសាងសង់ទុកលក់ឲ្យអតិថិជន ឬតម្រូវការមកដល់។

ការរង់ចាំវត្តមានចិនត្រលប់មកវិញ

        ពិតហើយ ទីផ្សារនេះទទួលបានការរីកចម្រើន រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត រួមទាំងក្រុងបាវិតផ្លាស់ប្តូរមុខមាត់ទាំងស្រុង គឺដោយសារលំហូរទុនវិនិយោគដ៏សម្បើម ពីប្រទេសចិន។

ប៉ុន្តែនៅពេលនេះ អ្នកវិនិយោគចិនភាគ​ច្រើនមិនទាន់បានវិលត្រលប់មកវិញនៅឡើយទេ ដោយសារហេតុផលមួយចំនួន ទី១ ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យធំៗរបស់ចិន កំពុងមានវិបត្តិខ្លួនឯង ទី២ អំណាចនៃការទិញក្នុងស្រុក និងបរទេសបានថមថយល្បឿននៅកម្ពុជា ទី៣ ការផ្គត់ផ្គង់ហាក់លើសពីតម្រូវការទីផ្សារ លើផ្នែកមួយចំនួនក្នុងវិស័យនេះ និងទី៤ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទីផ្សារកំពុងស្ថិតក្នុងសភាពស្រពេចស្រពិល។

ឱកាសនិងក្តីសង្ឃឹម

        ការផ្លាស់ប្តូរប្រមុខរាជរដ្ឋាភិបាល ជាប្រវត្តិសាស្រ្តនិងគួរឲ្យអ​បអរសាទរ ក្រោមការដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត សម្រាប់​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានធ្វើឲ្យប្រជាជន និងអ្នកអភិវឌ្ឍន៍មួយចំនួន បានសម្តែងសុទិដ្ឋិនិយមថា ប្រមុខរាជរដ្ឋាភិបាលថ្មី នឹងដាក់ចេញគោលនយោបាយថ្មីៗជាច្រើន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងស្តារវិស័យនេះឲ្យងើបឡើងវិញ។

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងវិស័យនេះ បានជម្រុញឲ្យប្រមុខរាជរដ្ឋាភិបាលថ្មី បញ្ចេញកញ្ចប់ថវិកាមួយចំនួន ដើម្បីជួយដល់វិស័យនេះឲ្យងើបឡើងវិញ។

ប៉ុន្តែការអំពាវនាវបែបនេះ ទំនងជាគ្មានប្រសិទ្ឋភាព ឬទទួលបានផ្លែផ្កាភ្លាមៗនោះទេ ដោយសារទោះជារដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាមួយឆ្នាំ២០០០លានដុល្លារក្តី ក៏មិនអាចជួយវិស័យនេះឲ្យងើបឡើងវិញបានភ្លាមៗនោះទេ ដោយសារទីផ្សារបានស្លោកស្រពោនជាយូរមកហើយ។

ការពឹងផ្អែកលើសក្តានុពលក្នុងស្រុក

        ស្ទើរគ្រប់អាជីវកម្មបានរងផលប៉ះពាល់ រួមទាំងវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែមានកត្តាមួយចំនួន ដែលផ្តល់សុទិដ្ឋិនិយមសម្រាប់ទីផ្សារនេះ ដូចជា ទី១ ប្រជាជនកម្ពុជាមានអាយុក្រោម៤០ឆ្នាំ ប្រមា​ណ៦០ភាគរយ ដែលពួកគេនៅតែសកម្មក្នុងការងារ និងជាមូលដ្ឋានសំខាន់នៃទីផ្សារ ទី២ កំណើនសេដ្ឋកិច្ចកម្ពុជាមានសភាពធន់ជាងមុន ជាមួយនឹងការព្យាករណ៍កំណើន៥,៦ភាគរយ សម្រាប់ឆ្នាំ២០២៣នេះ ទី៣ អត្រាកំណើតនៅតែមានភាពល្អ និងមានកម្រិតខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់។

ទី៤ មិត្តចិន នៅតែមិនបោះបង់កម្ពុជា ដោយរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញជំហរគាំទ្រមេដឹកនាំថ្មី គាំទ្រដល់អភិវឌ្ឍន៍ និងការពារបូរណភាពទឹកដីកម្ពុជា។ ទី៥ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា នៅតែមានសក្តានុពលរីកចម្រើនរយៈពេលវែងបន្តទៀត។

ទី៦ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដើរស្របគ្នា នឹងទំនាក់ទំនងកាទូតបែបចម្រុះព៌ណ ដែលធ្វើឲ្យប្រទេសនេះ នៅតែមានឱកាសអភិវឌ្ឈន៍ និងដើរចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ក្តីសង្ឃឹមនៅតែមាន ការមិនបោះបង់ក្តីសង្ឃឹម ការមិនបោះបង់គោលដៅគួរជាអាទិភាព ហើយបន្តប្រយុទ្ឋលើទីផ្សារពោរពេញ ដោ​យភាពមិនច្បាស់​លាស់នេះ ប៉ុន្តែទាមទារឲ្យអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍មានភាពច្បាស់លាស់ជាងមុន ប្រយ័ត្នប្រយែងជាងមុន ដើម្បីអូសស្ថានភាពនេះ ឲ្យមានភាពប្រសើរឡើងបន្តិចម្តងៗនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here