Hattha top Banner

ផ្សារទំនើបធំមួយដែលកំពុងពង្រីកខ្លួននៅកម្ពុជាគ្រោងឈានជើងចូលទីក្រុងហុងកុងនៅខែកញ្ញា

0

ដោយ: គង់ លាងហួរ

ហុងកុង: ផ្សារទំនើបថៃ Big C Supercenter គ្រោងឈានជើងចូលទីផ្សារទីក្រុងហុងកុង នៅខែកញ្ញាខាងមុខ ហើយក៏ស្វែងរកការចុះ​បញ្ជី​លក់មូលបត្រព្រមគ្នានៅហុងកុង និងប្រទេសថៃ (Dual Listing) ឱ្យបានលឿនត្រឹមត្រីមាសទី៤ផងដែរ។

លោក Aswin Techajareonvikul នាយកប្រតិបត្តិ និងជាប្រធា​នក្រុមហ៊ុន Big C Retail Corp បានថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយកាសែត South China Morning Post ថា “Big C Supercenter បានទិញយកហាងចំនួន២៤ទីតាំង របស់ខ្សែសង្វាក់គ្រឿងទេស AbouThai នៅហុងកុង ហើយយើងនឹង​ប្តូរ​ឈ្មោះ​ពួកគេទៅជា Big C ចាប់​ពី​ខែ​ក្រោយនេះ”។

លោក Aswin បានមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយលេ​ខា​ធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង គឺលោកPaul Chan Mo-po និងលោក Nicolas Aguzin នាយកប្រតិបត្តិក្រុមហ៊ុន Hong Kong Exchanges and Clearing (HKEX) ដើម្បីពិភាក្សាគ្នាអំពីផែនការក្នុងការចុះបញ្ជីផងដែរ។

លោក​ Aswin បាន​មាន​ប្រសាសន៍​ថា “យើង​ទាំង​អស់​គ្នា​មានការជឿជាក់​ទៅលើ​ការ​រំពឹង​ទុក និង​សក្ដានុពល​នៃ​កំណើន​របស់​ទីក្រុង​ហុងកុង”។ លោកបន្តថា “ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ក្នុងអំឡុងវិបត្តិកូវីដយ៉ាងណាក្តី ទីក្រុងនេះ អាចស្ទុះងើបឡើងមកវិញយ៉ាងឆាប់រហ័ស ហើយហុងកុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ​ឈានមុខ​គេ​នៅ​តំបន់អាស៊ី​ ដែល​តភ្ជាប់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ជាមួយ​ចិន​ដីគោក”។

Big C កំពុងដំណើរការហាងលក់រាយ ប្រហែល២.០០០ទីតាំង ដោយប្រើឈ្មោះផ្សេងៗដូចជា Big C Supercenter Big C Market Big C Foodplace និងMini Big C brands នៅក្នុងទីផ្សារនៃប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here