ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សមាគមអ្នកផលិតម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញអំបិលកំពត-កែប គ្រោងនាំចេញអំបិល ដែលជាផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាលើកដំបូង ទៅកាន់ទីផ្សារអន្តរជាតិ នៅចុងឆ្នាំ២០២៣នេះ។
គំរោងនេះធ្វើឡើងបន្ទាប់ ពីកម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ចំពោះផលិតផលអំបិល កំពត-កែប កាលពីខែមេសាកន្លងទៅ។
-->
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប បានមានប្រសាសន៍ឲ្យដឹងថា នៅចុងឆ្នាំ២០២៣នេះ សមាគមនឹងសាកល្បងនាំចេញអំបិលGI ជាលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុប ក្នុងបរិមាណតិចតួចសិន ក្នុងរង្វង់ប្រមាណពី៥ ទៅ២០តោន ដែលជាប្រភេទអំបិល គ្រួស ផ្កាអំបិល និងអំបិលស្លឹក។
លោកបន្ថែមថា សមាគមបានយកគម្រូអំបិល ផ្ញើរទៅទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុបនេះហើយ ហើយគេបានទាក់ទងមកវិញផងដែរ ដោយរង់ចាំការបញ្ជាក់ជាចុងក្រោយសិន”។ លោកបន្តថា “ជាមួយគ្នានេះ ក្រៅពីទីផ្សារអឺរ៉ុប លោកថែមទាំងបានយកប៉ាន់ ឬគម្រូទៅប្រទេសផ្សេងទៀតផងដែរ ដូចជាសហរដ្ឋអាមេរិកជាដើម”។
លោកបន្ថែមថា មុនពេលដែលអំបិលកំពត-កែប ចុះបញ្ជី GI ក៏ធ្លាប់មានក្រុមហ៊ុនមួយចំនួន បាននាំចេញទៅក្រៅប្រទេសផងដែរ និងទទួលបានគាំទ្រច្រើន។
ប្រធានសមាគមរូបនេះបានឲ្យដឹងថា បច្ចុប្បន្នអំបិលដែលផលិតត្រូវតាមស្តង់ដារ GI មានប្រមាណ៥ពាន់តោន ដែលបានផលិតលើផ្ទៃប្រមាណជាង ២០០ហិកតា នៅក្នុងខេត្តកំពត និងខេត្តកែប។
អំបិលកំពតកែប ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមគ្នាជាមួយផលិតផលកម្ពុជា ពីរប្រភេទទៀត គឺ ទឹកត្រីកំពតកែប និងបង្កងតាកែវ នៅថ្ងៃទី ២៦ មេសា ឆ្នាំ២០២៣ ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក។
បន្ទាប់ពីផលិតផលអំបិល កំពត-កែប បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រកាលពីខែមេសា លោកកត់សម្គាល់ថា មានតែកសិករប្រមាណ១០ក្រុមប៉ុណ្ណោះ ដែលមានលទ្ធភាពផលិតតាមស្តង់ដារអំបិល GI ដោយសារការផលិតអំបិល GI ត្រូវការបច្ចេកទេសនៃការផលិតខ្ពស់ជាងអំបិលធម្មតា ខណៈបច្ចុប្បន្ននេះមានអ្នកផលិត៥ក្រុមហើយ ដែលដាក់បានពាក្យចូលជាសមាជិក សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប។
លោកលើកឡើងថា នៅឆ្នាំក្រោយ អាចនឹងមានអ្នកសុំចុះបញ្ជីផលិតអំបិលស្តង់ដារ GI បន្ថែមទៀត ដោយសមាគមនឹងបន្ថែមការចុះផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាលឱ្យពួកគាត់ ឲ្យយល់ពីសៀវភៅបន្ទុក នៃការផលិតអំបិលតាមស្តង់ដារលក្ខណៈនៃGI។
សម្រាប់អំបិលGI អាចនឹងតម្លៃលើសពីអំបិលធម្មតា ពី៥០% ទៅ១០០% ពោលគឺប្រសិនបើអំបិលធម្មតាក្នុងមួយបេ (ចំណុះ៥០គីឡូក្រាម) មានតម្លៃ២០០០០រៀល អំបិលGI នឹងលក់ក្នុងតម្លៃ ចាប់ពី ៣០០០០រៀលទៅ។
បច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅខេត្តកំពត និងកែប មានប្រមាណ១៣៩ក្រុម។ នៅឆ្នាំនេះ ការផលិតអំបិលបានជាង៧ម៉ឺនតោន ដោយសារការផលិត ជួបឧបសគ្គមួយចំនួន ព្រោះតែភ្លៀងបានចាប់ផ្តើមធ្លាក់តាំងពីខែមេសា ដែលធ្វើឱ្យកសិករខកខាន ក្នុងការប្រមូលផល៕