រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មីជម្រុញការផ្សព្វផ្សាយការពិតពីកម្ពុជាទៅមជ្ឈដ្ឋានជាតិ អន្តរជាតិ

0

ដោយៈ គង់ និស្ស័យ

        ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោកនេត្រ ភ័ត្រាបានបញ្ជាក់ថា ការងារអាទិភាពដែលត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន គឺផ្ដោតសំខាន់ លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បែបនេះបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការតាមអគ្គនាយកដ្ឋាន ចំណុះក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការងារអាទិភាពដែលខ្ញុំនឹងត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន ផ្ដោតជាសំខាន់ គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនង សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងម៉េច គឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជា យើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ”

លោករដ្ឋមន្រ្ដីបានបន្តថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជា ក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មានរបស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន។

លោកនេត្រ ភក្ត្រា បានបន្ថែមថា នេះគឺជាថ្ងៃដំបូងដែលលោកបានមកបង្ហាញខ្លួនឱ្យមន្រ្ដីរាជការ បុគ្គលិកទាំងអស់ របស់ក្រសួងព័ត៌មានបានស្គាល់មុខ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងអាណត្ដិទី៧នេះ និងជំរុញបន្ដកិច្ចការងារដែលមាន ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មា​នកាន់តែមានភាពល្អប្រសើរថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here