ដោយៈ តែម សុខុម
ហុងកុង: បណ្ដាវិនិយោគិនទូទាំងពិភពលោក ដែលបានរត់ចេញពីប្រទេសចិន បានបញ្ជូនសារដ៏សាមញ្ញមួយ ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសចិនថា ពួកគេគួរទុកការប្រុងប្រយ័ត្នមួយឡែកសិន ហើយចាប់ផ្តើមចំណាយឱ្យធំ ដើម្បីស្ដារសេដ្ឋកិច្ចចិនឡើងវិញ។
បណ្ដាវិនិយោគិនដែលធ្លាប់តែមានក្ដីសង្ឃឹម បានខកចិត្តយ៉ាងខ្លាំង ហើយកំពុងបាត់បង់ភាពអត់ធ្មត់ ចំពោះវិធានការមិនស៊ីសង្វាក់គ្នា យឺតយ៉ាវ និងតិចតួចពេកពីសំណាក់រដ្ឋាភិបាលចិន នៅក្នុងការស្តារសេដ្ឋកិច្ច ដែលកំពុងដាំក្បាលចុះរបស់ខ្លួនឡើងវិញ និងការដោះស្រាយវិបត្តិអចលនទ្រព្យ ដែលធ្លាក់ចុះកាន់តែជ្រៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រស្បតិ៍ ទី២៤ ខែសីហា។
ការបញ្ចុះអត្រាការប្រាក់តិចតួច និងការសន្យាមិនច្បាស់លាស់ថា នឹងជួយគាំទ្រដល់បណ្ដាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់ផុងក្នុងបំណុល បានបរាជ័យក្នុងការស្ដារទំនុកចិត្តឡើងវិញ ហើយបណ្ដានាយកគ្រប់គ្រងមូលនិធិនានា ចង់ឃើញរដ្ឋាភិបាលចិន ចាក់បញ្ចូលលុយច្រើនបន្ថែមទៀត ចូលទៅក្នុងសេដ្ឋកិច្ច មុនពេលពួកគេពិចារណាត្រលប់មូលប្រទេសចិនវិញ។
សន្ទស្សន៍ផ្សារហ៊ុនចិនCSI300 បានធ្លាក់ចុះ៩%នៅក្នុងការជួញដូរ១៣វគ្គកន្លងមកនេះ ខណៈវិនិយោគិនបរទេសបានសម្រុកលក់ចេញភាគហ៊ុន រហូតដល់ទៅ១០,៧៣ពាន់លានដុល្លារអាមេរិក ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីឆ្នាំ២០១៥មក។
លោកស្រី ស៊ីម៉ា ស្សា (Seema Shah) ប្រធានអ្នកយុទ្ធសាស្រ្តសកលនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអន្តរជាតិ Principal Global Investors ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានលើកឡើងអំពីរដ្ឋាភិបាលចិនថា “ផ្លូវតែមួយគត់ គឺត្រូវបង្កើនការជំរុញសារពើពន្ធ (ដោយកាត់បន្ថយការយកពន្ធ ឬ បង្កើនការចំណាយដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ) ហើយដោយសារតែខ្វះទំនុកចិត្ត ការបញ្ចុះអត្រាការប្រាក់ គឺមិនគ្រប់គ្រាន់ សម្រាប់ជំរុញតម្រូវការឥណទាននោះឡើយ”។
ចំណែកលោក ឈិន ចាវ (Chen Zhao) ប្រធានអ្នកយុទ្ធសាស្រ្តសកល នៃក្រុមហ៊ុនស្រាវជ្រាវការវិនិយោគអន្តរជាតិ Alpine Macro ដែលមានមូលដ្ឋាន នៅប្រទេសកាណាដាបានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង ហាក់ដូចពិការទៅហើយ ហើយស្ថានភាពនេះបានបង្កការព្រួយបារម្ភ ក្នុងចំណោមវិនិយោគិន ដែលបានសង្ឃឹមទុកជាច្រើនខែមកហើយថា រដ្ឋាភិបាលចិន នឹងចាត់វិធានការគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព នៅក្នុងការប្រឈមដោះស្រាយវិបត្តិសេដ្ឋកិច្ច៕ Reuters៕