វិបត្តិចំនួន២រុញច្រានប្រជាពលរដ្ឋជិត៧០លាននាក់នៅតំបន់ អាស៊ីធ្លាក់ខ្លួនក្នុងភាពក្រីក្រ

0

ដោយៈ ម៉ាលីនណា

        អន្តរជាតិៈ វាជាដំណឹងដ៏គួរឲ្យក្រៀមក្រំមួយ បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចេញរបាយការណ៍មួយ ដោយបង្ហាញថា មនុ​ស្សជិត៧០លាននាក់ បានធ្លាក់ខ្លួនក្នុងភាពក្រីក្រខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ១៩ និងការកើនឡើងថ្លៃរស់នៅ។

វិបត្តិនេះ បានកើតមានឡើង នៅក្នុងបណ្តាប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍កាលពីឆ្នាំមុន ដោយធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការ​​ថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនប្រមាណ ១៥៥.២លាននាក់ នៅក្នុងប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ ឬស្មើនឹង ៣.៩ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងតំបន់ បានរស់នៅក្នុងភាពក្រីក្រខ្លាំងកាលពីឆ្នាំ២០២២ ដោយបានកើនឡើងចំនួន៦៧.៨លាននាក់។

ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍មានចំនួន៤៦ ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ទេ។

លោក Albert Parker ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែការកើនឡើងថ្លៃ រស់នៅធ្វើឱ្យខូចដល់វឌ្ឍនភាព ក្នុងការលុបបំបាត់ភាពក្រីក្រ

ភាពក្រីក្រខ្លាំងត្រូវបានកំណត់ថា ជាការរស់នៅដែលមានប្រាក់ចំណូលតិចជាង២.១៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយផ្អែកលើទិន្នន័យឆ្នាំ២០១៧។

ការកើនឡើងថ្លៃរស់នៅ បានប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែអ្នកក្ររងគ្រោះខ្លាំងជាងគេ ដោយសារពួកគេត្រូវចំណាយលើអាហារ និងប្រេងឥន្ធនៈកាន់តែច្រើន ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់ពួកគេ ក្នុងការសន្សំ និងចំណាយសម្រាប់សម្ភារៈសំខាន់ៗ ដូចជា ការថែរទាំសុខភាព និងការអប់រំជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here