ស្ថាប័នពីរជម្រុញកិច្ចសហការជាមួយខេត្តហឺណាន ប្រទេសចិនដើម្បីជម្រុញកំណើនទេសចរណ៍

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្រុមហ៊ុនCambodia Angkor Air នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ ជាមួយ​ទីក្រុងចឹងចូវ ខេត្តហឺណានរបស់​ចិន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការលើវិស័យ​អាកា​សចរណ៍​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ ។

លោកបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ចឹងចូវ (Zhengzhou) របស់​ចិន បាន​ប្រាប់​ឱ្យ​ដឹង​កាលពីថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ ២០២៣ ថា តាមរយៈ​ក្រុមហ៊ុន​អាកាសចរ​អង្គរអ៊ែរ លោក​នឹង​ត្រូវ​ធ្វើ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង ចឹងចូវ ខេត្តហឺណាន របស់​ប្រទេស​ចិនរយៈពេល៤ថ្ងៃ។

​លោកបន្តថា រាជ​បណ្ឌិត្យសភា​កម្ពុជា ​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ចិន និងក្រុមហ៊ុន​អាកាសចរណ៍​ខ្មែរ ដើម្បី​លើក​កម្ពស់​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​អាកាសចរណ៍​កម្ពុជា ជាពិសេស ជំរុញ​ការ​ហោះហើរ​ត្រង់ ​រវាង​ទីក្រុង​មួយ​នេះ​ទៅ​កាន់​កម្ពុជា។

លោកបណ្ឌិត​បាន​បញ្ជាក់​ថា  “ដូច​អ្វី​ដែល​បាន​គ្រោងទុក នៅ​ថ្ងៃទី​នេះ (២៧ ខែសីហា) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ទីក្រុង ចឹងចូវ ខេត្តហឺណាន និង​បាន​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ និងអាជ្ញាធរ​ខេត្ត ហឺណាន ដើម្បី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ត្រីភាគី គឺ​ខាង​រាជបណ្ឌិត្យសភា​កម្ពុជា Zhengzhou Research Institute of Macroeconomic (ZIM) និង Cambodia Angkor Air Co., Ltd”។

លោកបណ្ឌិតសុខ ទូច បាន​បន្ថែម​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោល​ដៅ​សំខាន់ៗ​ចំនួន ៣ រួមមាន ទី១ ដើម្បី​សហការ​រៀបចំវេទិកា​ផ្លូវ​អាកាស Zhengzhou-កម្ពុជា-អាស៊ាន ទី២ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ Think Tank ដើម្បី​អនុវត្ត​ការ​ស្រាវជ្រាវ​បញ្ហា​សំខាន់ៗ ដែល​មាន​ទិសដៅ​រួមគ្នា និងទី៣ សិក្សា​លទ្ធភាព​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងទេសច​រណ៍រវាង​ទីក្រុង Zhengzhou និងកម្ពុជា។

លោក​បាន​បញ្ជាក់​បន្ថែម “ខ្ញុំ​សម្លឹង​ឃើញ​ឱកាស​ច្រើន​ណាស់​នៅ​ទីនេះ ព្រោះ​ទីផ្យារទេសចរណ៍ ទីផ្សារ​អំបិល ទុរេន និង​គ្រឿង​សមុទ្រជាដើម​ ដែល​កម្ពុជា​យើង​អាច​នាំចូល​មក​ទីនេះ​បាន (ទីក្រុង ចឹងចូវ ខេត្តហឺណាន ប្រទេសចិន) ព្រោះ​ឥឡូវ​ចិន បាន​សម្រេច​ផ្អាក​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន ដោយសារ​ជប៉ុន​បាន​បង្ហូរ​កាកសំណល់​នុយក្លែអ៊ែរ​ចូល​សមុទ្រ”។ លោកបន្ថែមថា “នេះ​ជា​ឱកាស​សម្រាប់​យើង”។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកហូ វណ្ឌី​បាន​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមហ៊ុនCambodia Angkor Air ដែល​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មីៗ​ជាមួយ​ភាគី​ចិន ស្រប​ពេល​ដែល​ក្រសួង​ទេសចរណ៍ បាន​និងកំពុង​ខិតខំ​ប្រឹងប្រែង ​ទាក់ទាញ​ទេសចរ​ចិន​ឡើងវិញ តាម​រយៈការ​រៀបចំ​ នូវ​ការ​រៀបចំ​ផលិតផល​ទេសចរណ៍​ថ្មី និងអភិវឌ្ឍន៍​សមត្ថភាព​លើ​បដិសណ្ឋារកិច្ច​ទេសចរ​ចិន​ជាដើម។

លោក​បានបន្តថា ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ទីផ្សារចិន​មាន​ទំហំ​ធំ​ណាស់ ហើយ​ទំនាក់ទំនង​រវាង កម្ពុជា និង ចិន ក៏​មាន​ភាព​ស្អិតរមួត​ដែរ ដែល​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ ​ត្បូងពេជ្រ​ថែមទៀត​ផង។

លោកបញ្ជាក់ថា “ខ្ញុំ​ជឿថា កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​ភាគី​ពាក់ព័ន្ធ​នឹង​ជំរុញ​ទេសចរ​ចិនបន្ថែម​ទៀត​មក​កម្ពុជា ខណៈ​ដែល​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត ក៏​នឹង​ត្រូវ​អនុវត្ត​ដូចគ្នា​ដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here