ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានអះអាងថា ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិនជិត១លាននាក់ បានដើរកំសាន្តនៅទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំប្រពៃណីចិនដែលបានចាប់ផ្តើមពីថ្ងៃទី៥ដល់ទី៧ កុម្ភៈកន្លងមកនេះ។

-->
លោក ថោង ខុន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ កុម្ភៈនេះថា ប្រជាជនជិត១លាននាក់បានដើរកំសាន្ត ហើយបើគិតជាមធ្យមមនុស្សម្នាក់ចំណាយ ៧០ដុល្លារអាមេរិក មានន័យថាក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជាចំណាយប្រាក់ប្រមាណ៧០លានដុល្លារអាមេរិក។
លោកបន្តថា ចំនួនប្រជាពលរដ្ឋដើរកំសាន្តនេះ មិនទាន់គិតបញ្ចូលចំនួនប្រជាពលរដ្ឋដើរកំសាន្តនៅក្រៅប្រទេសនោះទេ និងមិនទាន់គិតពីការចំណាយ លើការសែនព្រេនរបស់គ្រួសារនិមួយៗ ដែលមានការចំណាយជាមធ្យមចន្លោះពី២០០ ទៅ៣០០ដុល្លារអាមេរិកនោះទេ។

លោកបន្តថា “ចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ បើសិនជាធ្វើឡើងចំថ្ងៃសៅរ៍ និថ្ងៃអាទិត្យដូចឆ្នាំមុន នឹងមានប្រជាពលរដ្ឋដើរកំសាន្តច្រើនជាងឆ្នាំមុន ដោយសារផ្លូវគមនាគមន៍កាន់តែមានភាពងាយស្រួល និងជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ”។ លោកបន្តថា“ប្រជាពលរដ្ឋកម្ពុជាមិនខ្វល់ពីសុខសុវត្ថិភាពទៀតនោះទេ ព្រោះប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន ក្រោមការដឹកនាំរបស់សម្តេចតេជោ”។
រដ្ឋមន្រ្តីទេសចរណ៍លោក ថោង ខុន បានបន្តថា នៅកម្ពុជាមានពិធីបុណ្យធំៗបី គឺចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងចូលឆ្នាំសាកល ហើយពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនិងបណ្តាឆ្នាំមុនៗ នៅតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ ហើយផ្សារមួយចំនួនស្ទើរតែបិទទ្វារ ដែលនេះជានិន្នាការធម្មតានៃតឋភាពសង្គម ហើយវាមិនមែនជាការធ្វើតាមគ្នានោះទេ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានយល់ស្របនឹងការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយលោកបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបច្ចុប្បន្ន បានចំណាយកាន់តែច្រើនលើការទទួលទាន និងការដើរកំសាន្ត ជាក់ស្តែងយើងឃើញនៅក្នុងទីក្រុងក្នុងប៉ុន្មានថ្ងៃមកនេះ ដែលយើងតែងចំណាយពេលលើការធ្វើដំណើរ ១,៣០នាទី ទៅ២ម៉ោង គឺកាត់បន្ថយមកនៅត្រឹម១៥នាទីប៉ុណ្ណោះក្នុងការ ធ្វើដំណើរដល់គោលដៅ។
លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំសង្កេតឃើញថាប្រជាជនកម្ពុជាបានធ្វើដំណើរទៅកាន់ក្រៅប្រទេសច្រើនផងដែរ ដូចជា ក្រុងហុងកុង សៀវហៃ វៀតណាម ថៃ ម៉ាឡេស៊ី សឹង្ហបុរី កូរ៉េ ជប៉ុន និងទៅកំសាន្តនៅទីក្រុងឌូបៃជាដើម”។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ទេសចរណ៍ អាស៊ីប៉ាហ្វិកបានមានប្រសាសន៍ថា ចំនួនទេសចរណ៍ដើរកំសាន្តពិតជាកើនឡើងច្រើន និងមានការចំណាយកើន ឡើង ដែលក្នុងម្នាក់ចន្លោះពី៧០ទៅ៨០ដុល្លារអាមេរិកជាមធ្យម។ ជាអ្វីដែលលោកឯកភាពជាមួយនឹងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកបន្តថា “កំនើនជីវភាពប្រជាពលរដ្ឋ បានជំរុញឲ្យប្រជាពលរដ្ឋដើរកំសាន្តច្រើន និងកត្តាសុខសន្តិភាពនិងផ្លូវថ្នល់កាន់តែប្រសើរ បានធ្វើឲ្យប្រជាពលរដ្ឋដើរកំសាន្តកាន់តែឆ្ងាយ”៕