ដោយៈ គង់ ហ្វីអួណា
ភ្នំពេញៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ធ្វើយ៉ាងណាពន្លឿន ចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។
លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់ជាអាជ្ញាធរជាតិអប្សរា នៅសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ។
-->
លោកសាយ សំអាល់ ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បីត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងការដោះស្រាយសម្របសម្រួល និង ថែរក្សាការពារឲ្យបាននូវតំបន់អភិរក្ស ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺតំបន់១ តំបន់២ និងតំបន់៣ កុំឲ្យមានការរំលោភបំពានដោយខុសច្បាប់បន្តទៀត ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃសម្រាប់ជាតិ និងពិភពលោក។
លោកសាយ សំអាល់ បានលើកនូវអនុសាសន៍ និងវិធានការល្អៗ សំដៅជំរុញឲ្យការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល”។ លោកបន្តថា “ដូច្នេះសំណូមពរដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់អាជ្ញាធរខេត្ត និង អាជ្ញាធរជាតិអប្សរា ក្នុងការពិនិត្យវឌ្ឍនភាព នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងការជំរុញកិច្ចការដែលនៅសេសសល់ និងយកចិត្តទុកដាក់ លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីទៅតាំងទីលំនៅក្នុងតំបន់នោះទៀតផង”។
យោងតាមរបាយការណ៍របស់ក្រុមការងារបានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះ មានប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុប៩៨៣៦គ្រួសារ មានផ្ទៃដីសរុបសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មានទំហំ ២៤៥៦ ហិកតា បែងចែកជា២០៩៥២ឡូត៍៕