ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញនូវរបៀបវារៈការងាររបស់ខ្លួនជាបន្តបន្ទាប់ ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យ៤៥ឆ្នាំ ក៏បានដាក់ចេញការងារចុះជួបមហាជនភ្លាមៗផងដែរ។
កម្មវិធីជួបមហាជន ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ គឺជាកម្មករ និយោជិត ដែលកំពុងបម្រើការងារ នៅតាមបណ្តារោងចក្រសហគ្រាសនានា ក្នុងរាជធានីភ្នំពេញសរុបជិត២ម៉ឺននាក់។ ជំនួបសំណេះសំណាល នឹងត្រូវធ្វើឡើងនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា កម្មករ និយោជិត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមានចំនួន១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន៨៤៤នាក់។
ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្ម យ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែលជាប្រតិបត្តិករដ៏សកម្មនោះ។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្រ បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនផងដែរ។
តាមរយៈការចាប់យកកិច្ច សំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងវេទិកាមហាជនជាលើកដំបូង ក្នុងរបៀបវារៈការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការស្តែងឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលជាវិស័យផ្តល់ការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕