ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក និងវិស័យអចលនទ្រព្យ ដែលកើនលើសតម្រូវការនៅកម្ពុជា បាននិងកំពុងផ្តល់នូវសញ្ញាសួរជាច្រើនថា គួរធ្វើអ្វីនាពេលនេះ?។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com លោកយិន លាងគង់ដែលបាននិងកំពុងតាមដានលើការវិវត្តក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ សីហាថា ការរីកចម្រើនរបស់វិស័យនេះ ទាមទារនូវការចូលរួម ពីមូលដ្ឋានចាំបាច់ជាច្រើន ដូចជា កំណើនសេដ្ឋកិច្ច ដែលផ្តល់កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ស្ថេរភាពនយោបាយ ច្បាប់លិខិតបទដ្ឋានលើកទឹកចិត្តរបស់រដ្ឋាភិបាល និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាដើម។
លោកបន្តថា ប្រសិនជាសួរថាគួរវិនិយោគលើផ្នែកអ្វី ក្នុងវិស័យនេះ អ្នកវិនិយោគគួរសិក្សាលើកត្តាមួយចំនួន ទី១ លទ្ឋភាពទុន ដែលមិនជាប់ពាក់ព័ន្ឋ ជាមួយលំហូរសាច់ប្រាក់ជាមូលដ្ឋាន ព្រោះការវិនិយោគអចលនវត្ថុនាពេលនេះ អាចជាប់គាំងសាច់ប្រាក់រយៈពេលវែង ទី២ ការទិញដី ដែលមានឱកាសចំណេញ គឺដីក្រោមតម្លៃទីផ្សារ ទី៣ ការទិញខុនដូ និងលំនៅដ្ឋាន ដែលអាចប្រកបអាជីវកម្មបាន ទី៤ អចលនទ្រព្យ ដែលផ្តល់លំហូរសាច់ប្រាក់ត្រលប់មកវិញ ឬទិញដី ដែលមានគោលបំណងច្បាស់លាស់ ដើម្បីបង្កើតអាជីវកម្មអ្វីមួយ។
ទី៥ គួរក្រឡេកមើលតំបន់ ដែលមានសក្តានុពលទីផ្សារ និងមានសកម្មភាពសេដ្ឋកិច្ចរសរវើក ដែលតំបន់បែបនេះ នឹងនៅតែមានសកម្មភាពដោះដូរ ឬតម្រូវការ ដែលធ្វើឲ្យដីឡើងថ្លៃផងដែរ។
លោកយិន លាងគង់បានបន្តថា ហេតុនេះ ការសម្រេចចិត្តវិនិយោគឬមិនវិនិយោគ អ្នកធុរកិច្ចឬអ្នកធុរជន ដែលមានប្រាក់ក្នុងដៃ គួរសិក្សាលើកត្តាចំនួន៥ខាងលើនេះ ដើម្បីយកមកធ្វើជាមូលដ្ឋាន ក្នុងការសម្រេចចិត្តថា គួរបញ្ចេញប្រាក់ ឬមិនបញ្ចេញ ប៉ុន្តែស្របពេលសេដ្ឋកិច្ចពិភពលោក មិនមានភាពច្បាស់លាស់ និងបញ្ចប់នាពេលណា ការសម្រេចចិត្តណាមួយ គួរមានការវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ៕