ដោយៈ តែម សុខុម
បាងកក: ទីផ្សារលំនៅឋានក្នុងប្រទេសថៃ ដែលបានដាំក្បាលចុះក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ដោយសារតែសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។
វិបត្តិនេះ ក៏បណ្តាលមកពីការព្រួយបារម្ភ ចំពោះការទូទាត់ថ្លៃមូលបត្របំណុល និងករណីក្ដីក្ដាំខុនដូមួយ ត្រូវបានព្យាករថានឹងងើបឡើងវិញនៅត្រីមាសទី៤ ចុងឆ្នាំនេះដែលជំរុញដោយអ្នកទិញអន្តរជាតិ។
-->
លោកស្រី អាទីកា ប៊ូនរ៉តឈូ (Atika Boonrodchoo) ជំនួយការនាយកគ្រប់គ្រង នៃក្រុមហ៊ុនអភិវឌ្ឍន៍Sena Development ដែលចុះបញ្ជីនៅផ្សារហ៊ុនប្រទេសថៃ បានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅឋានក្នុងប្រទេសថៃ នឹងកើនឡើងនៅត្រីមាសទី៤ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ ហើយទស្សនវិស័យនយោបាយ កាន់តែច្បាស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហា។
លោកស្រីបន្ថែមថា “ជាធម្មតា ត្រីមាសទី៤ ជារយៈពេលដែលសកម្មបំផុត។ ជាមួយនឹងកំណើនភ្ញៀវទេសចរបរទេស សន្ទុះវិជ្ជមាននេះនឹងពង្រីកទៅដល់ទីផ្សារលំនៅឋាន ដោយអ្នកទិញសំខាន់ៗគឺជាជនបរទេស”។
លោកស្រីគូសបញ្ជាក់ថា អ្នកទិញអចលនទ្រព្យ ដែលសកម្មបំផុតគឺមកពីប្រទេសចិន ក្រុងហុងកុង ប្រទេសរុស្ស៊ី និងប្រទេសមីយ៉ាន់ម៉ា។ លោកស្រីបន្តថា ដើម្បីទាញយកប្រយោជន៍ពីទីផ្សារទាំងនេះ ក្រុមហ៊ុន Sen X Plc ដែលជាបុត្រសម្ព័ន្ធមួយ ក្នុងចំណោមបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍ Sena Development បានបង្កើតផ្នែកលក់អន្តរជាតិមួយ និងការិល័យលក់នៅក្នុងប្រទេសចិន ក្រុងហុងកុង ប្រទេសសិង្ហបុរី និងប្រទេសមីយ៉ាន់ម៉ា ដើម្បីណែនាំលក់ខុនដូរបស់ក្រុមហ៊ុន Sena Development៕ Bangkok Post៕