រដ្ឋាភិបាលចិនអនុម័តមូលនិធិចំនួន៣៧ ដើម្បីជួយស្តារ ទំនុកចិត្តទីផ្សារឡើងវិញ

0

ដោយ: គង់ លាងហួរ

សៀងហៃៈ ក្រុមនិយតករមូលបត្រ របស់ប្រទេសចិនបានអនុម័តមូលនិធិលក់រាយ (Retail funds) ចំនួន៣៧ កាលពីចុងសប្តាហ៍កន្លងទៅ ដែលនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញឱ្យទីផ្សារភាគហ៊ុនងើបឡើងវិញ។

ចំណាត់ការនេះបានធ្វើឡើង បន្ថែមពីលើវិធានការមួយចំនួនដែលបានដាក់ចេញដើម្បីពង្រឹងទីផ្សារ ដូចជា ការកាត់បន្ថយពន្ធប្រថាប់ត្រា ការបន្ថយល្បឿន​ក្នុងការ​បោះផ្សាយ ​មូល​ប​ត្រ​ជា​សាធារណៈ​លើក​ដំបូង (IPOs) និងតម្រូវការហិរញ្ញប្បទានអនុបាតទាប។

មូលនិធិដែលទើបអនុម័តថ្មី ដែលនឹងនាំដើមទុនថ្មីចូលទៅក្នុងទីផ្សារនេះ រួមមាន មូលនិធិជួញដូរប្តូរប្រាក់ (ETFs) ចំនួន១០ ដែលតាមដានសន្ទស្សន៍ Small-cap CSI 2000 និងមូលនិធិ ETFs ដែលផ្តោតលើបច្ចេកវិទ្យាចំនួន៧។ នេះបើយោងតាមគេហទំព័រគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC)។

មូលនិធិចំនួន២០ផ្សេងទៀត ដែលនៅសេសសល់គឺជាសង្គហមូលនិធិប្រកបដោយភាពច្នៃប្រឌិត ដែលគិតថ្លៃឈ្នួលអណ្តែត(floating fees)ទៅលើអ្នកវិនិយោគ ជាលើកដំបូង។

គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានប្តេជ្ញាពន្លឿ នតាមដានការអនុម័តមូលនិធិ ETF ឱ្យបានឆាប់រហ័ស និងណែនាំអ្នកគ្រប់គ្រងទ្រព្យសកម្ម ឱ្យបន្ទាបថ្លៃគ្រប់គ្រង និងការជួញដូរ រួមជាមួយនឹងវិធានការជំរុញទីផ្សារដទៃផ្សេងទៀត។

កាលពីចុងខែកក្កដាកន្លងទៅ ក្រុមថ្នាក់ដឹកនាំរបស់ប្រទេសចិនបានប្តេជ្ញាថា ពួកគេនឹងជំរុញទំនុកចិត្តរបស់អ្នកវិនិយោគ និងធ្វើឱ្យទីផ្សារភាគហ៊ុនមានភាពរឹងមាំឡើងវិញ ដែលជាទីផ្សារធំបំផុតទីពីររបស់ពិភពលោក។

កាសែតផ្លូវការ China Securities Journal បានរាយការណ៍ថា វិធានការគាំទ្រនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការធ្វើឱ្យទីផ្សារមូលធនមានស្ថេរភាព ដែលប្រតិបត្តិការដ៏ត្រឹមត្រូវ និងមានសារៈសំខាន់ សម្រាប់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

កាសែតខាងលើរាយការណ៍បន្ថែមទៀតថា ទីផ្សារមូលធនដ៏រស់រវើកគឺជាគន្លឹះ ក្នុងការរក្សាស្ថិរភាពការរំពឹងទុករបស់មនុស្ស និងការបង្កើនទំនុកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here