ដោយ: គង់ លាងហួរ
ទីក្រុងប៉េកាំង: កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group ដែលជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរ បានប្រកាសថា ខ្លួនបានរងការខាតបង់សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។
ការខាតបង់របស់ក្រុមហ៊ុន គិតចាប់ពីខែមករា ដល់ខែមិថុនាមានទំហំទឹកប្រាក់ចំនួន៣៣ពាន់លានយ័ន (ប្រហែល៤,៥៣ពាន់លានដុល្លារអាមេរិក) ធៀបនឹង៦៦,៤ពាន់លានយ័ន ដែលបានខាតបង់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្សារហ៊ុនហុងកុង។
Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សលំដាប់កំពូលរបស់ប្រទេសចិន កំពុងលិចលង់ទៅក្នុងវិបត្តិបំណុល ហើយបានក្លាយជានិមិត្តសញ្ញាមួយ នៃវិបត្តិអចលនទ្រព្យចិន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានធ្វើការប៉ាន់ប្រមាណថាឥឡូវនេះ បំណុលរបស់ Evergrande មានចំនួនជិត៣២៨ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះពីជិត៣៤០ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២២។
Evergrande ក៏បានប្រកាសពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនផងដែរ ដោយក្រុមហ៊ុនមានទ្រព្យសកម្មសាច់ប្រាក់ត្រឹមតែ៥៥៦លានដុល្លារប៉ុណ្ណោះ នៅពេលនេះ បើធៀបនឹងប្រហែល២ពាន់លានដុល្លារកាលពីឆ្នាំមុន។
Evergrande បានខកខានទូទាត់សងមូលបត្របំណុលរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ២០២១ ដោយជំរុញឱ្យមានការភ័យខ្លាច នៃវិបត្តិនេះបានរាលដាលជាសកល៕