ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃ ម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន១០០លានដុល្លារអាមេរិក ដើម្បីជួយលើកកម្ពស់វិស័យកសិផលរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតបានបញ្ជាក់ថា “យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ”។ ឯកឧត្តមបន្ថែមថា “កសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅពេលដែលពលរដ្ឋលំបាក រាជរដ្ឋាភិបាលនឹងជួយ”។
-->
ឯកឧត្ដមនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែតបានថ្លែងបញ្ជាក់ថា តម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ហើយវាមិនដែលឡើងថ្លៃ ក្នុងពេលជាមួយគ្នានោះដែរ។ ការត្រៀមថវិកានេះ ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ ដើម្បីទទួលបានចំណូល។

ឯកឧត្តមបន្តថា “កន្លែងណាដែលលំបាក យើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម”។ជាមួយគ្នានោះដែរ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា “យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះថាប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយគាត់តែម្តង”។ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការជ្រើសរើសមន្ត្រីកសិកម្មឱ្យត្រូវជំនាញកសិកម្ម ដោយកុំឱ្យរើសមន្ត្រីកសិកម្ម តែបានមកជាវិស្វករសំណង់ទៅវិញ។

ទន្ទឹមនេះ ត្រូវយកអាទិភាព ទៅលើអ្នកដែលមានមូលដ្ឋានកសិកម្ម ពិសេសនោះនិសិ្សតកសិកម្មមានច្រើនណាស់។ ដូច្នេះត្រូវជ្រើសរើសឱ្យត្រូវជំនាញ។ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ក៏បានអះអាងបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់ វិស័យមុខងាសាធារណៈជាការចាំបាច់ណាស់ ដូចជាការរើសមន្ត្រី ការយកចិត្តទុកដាក់លើកទឹកចិត្ត ពិសេសនោះផ្នែករដ្ឋបាលជាដើម៕