ដោយៈ តែម សុខុម
ប៉េកាំង: ពេលនេះប្រទេសចិន បាននិងកំពុងខួងរណ្ដៅដ៏មហាសែនជ្រៅ ក្នុងជម្រៅរហូតដល់ទៅជាង១០.០០០ម៉ែត្រ ឬជាង១០គីឡូម៉ែត្រនៅភាគពាយព្យ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហា។
ការខួងរណ្ដៅប្រេតនៅវាលខ្សាច់តាក់លីម៉ាកាន (Taklimakan Desert) ស្ថិតក្នុងតំបន់តារីម បាស៊ីន (Tarim Basin) នៃតំបន់ភ្នំស៊ីនជាំង (Xinjiang) ទីដែលជនជាតិដើមភាគតិចវីហ្គូ (Uygur) រស់នៅនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ ហើយបានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំនេះ។
វាលខ្សាច់តាក់លីម៉ាកាន (Taklimakan Desert) គឺជាវាលខ្សាច់ ដែលធំល្វឹងល្វើយបំផុតនៅក្នុងប្រទេសចិន។អំឡុងដំណើរការខួងនេះ គ្រឿងចក្ររួមមានក្បាលខួង និងបំពង់ខួង ដែលមានទម្ងន់រហូតដល់ជាង២.០០០តោន នឹងខួងទម្លុះយ៉ាងជ្រៅចូលទៅក្នុងផែនដី ដោយបុកទម្លុះស្រទាបផែនដី រហូតដល់ទៅជាង១០ស្រទាប់។
Tarim Basin គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលពិបាកបំផុតនៅក្នុងការរុករក ដោយសារតែបរិយាកាសដីដ៏អាក្រក់ និងស្ថានភាពក្រោមដីដ៏ស្មុគស្មាញ។
គិតមកទល់នឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឧបករណ៍ខួងបានខួងទម្លុះ ក្រោមដីបានជម្រៅ៦.០០០ម៉ែត្រ ឬ៦គីឡូម៉ែត្រហើយ៕ Xinhua៕