ដោយ: គង់ លាងហួរ
បាងកក: អាជ្ញាធរឧស្សាហកម្មថៃ (IEAT) បានចាប់ដៃជាមួយក្រុមហ៊ុនថៃ និងជប៉ុនចំនួន៦ ដើម្បីសិក្សារួមគ្នា អំពីឥន្ធនៈអ៊ីដ្រូសែននៅបរិវេណឧស្សាហកម្ម Map Ta Phut និង Smart Park ក្នុងខេត្ត Rayong ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។
ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Bangkok Industrial Gas Co, ក្រុមហ៊ុន PTT Plc ក្រុមហ៊ុន Thai Takasago Co ក្រុមហ៊ុន Hitachi Zosen Corporation ក្រុមហ៊ុន Toyota Motor Thailand និងក្រុមហ៊ុន Toyota Tsusho (Thailand) ។
-->
តំបន់ឧស្សាហកម្ម Map Ta Phut គ្របដណ្តប់លើផ្ទៃដី១១១១,៨៤ហិកតា។ រីឯតំបន់Smart Park មានទំហំ២២១,២៨ហិកតា កំពុងត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់ឧស្សាហកម្ម S-curve នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។
លោក Veeris Ammarapala អភិបាលនៃអាជ្ញាធរ IEAT បានមានប្រសាសន៍ថា “គម្រោងនេះមានគោលបំណង ជួយប្រទេសថៃឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន ក៏ដូចជាគាំទ្រដល់អ្នកវិនិយោគដែលចង់ប្រើប្រាស់អគ្គិសនី និងការដឹកជញ្ជូនដោយផ្អែកលើថាមពលស្អាត”។
IEAT ធ្លាប់បានប្រកាសនៅឆ្នាំ២០២១ កន្លងមកថា ខ្លួននឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ រួមទាំងអ៊ីដ្រូសែន ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស នៅឯតំបន់ឧស្សាហកម្ម Map Ta Phut និងតំបន់ឧស្សាហកម្ម Smart Park ។
ដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត អាជ្ញាធរត្រូវសិក្សាពីប្រភេទបច្ចេកវិទ្យា គំរូអាជីវកម្មដែលលើកកម្ពស់ ការប្រើប្រាស់ថាមពល និងបញ្ហាវិនិយោគប្រកបដោយភាពឆ្លាតវៃ៕