ក្រុមហ៊ុនលក់រាយE-Mart24 Inc. នឹងឈានជើងចូលទីផ្សារ កម្ពុជានៅឆ្នាំខាងមុខ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនE-Mart24 Inc. ដែលជា​ហាង​ទំនិញ​លក់រាយ ​(CVS) ដ៏​ល្បី​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​​ត្បូង ចូលមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​មាន​កំណើន​ប្រកបទៅដោយ​សក្តានុពល​នៃ​ផលិតផល​កូរ៉េ ក៏ដូចជា​លំហូរ​នៃ​ការវិនិយោគ​ផងដែរ​។​

​ផែនការ​នេះ​ត្រូវ​បានបង្ហាញ ​បន្ទាប់ពី​ក្រុមហ៊ុន E-Mart24 Inc. ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hanlim Architecture Group Co កាលពី​ថ្ងៃទី​ ២៤ ខែសីហា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​ក្រុមហ៊ុន Saisons Brother Holding Co. របស់​ប្រទេស​កម្ពុជា​។​

លោកង​ន ដេវីដ​សំបូរ នាយក​ក្រុមហ៊ុន Saisons Brother Holding ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ចម្រុះ​វិស័យ ​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ភោជនីយដ្ឋាន​រហូតដល់​បច្ចេក​វិទ្យា ​(Tech)​ បានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ស្ថិតក្រោម MoU នេះ​ក្រុមហ៊ុន​ទាំង២ នឹង​ចាប់ផ្តើម​បើក​សាខា​ដំបូង​នៅ​ឆ្នាំក្រោយ​តទៅ​។​

លោក​ថ្លែងថា​ ​“យើង​គ្រោង​នឹង​ចាប់​ផ្តើម​សាខា​ ដំបូង​ចាប់ពី​ឆ្នាំក្រោយ ហើយ​យើង​នឹង​ពង្រីក​ដល់១០​សាខា ​ត្រឹម​នៅ​ចុងឆ្នាំ​នៅ​ភ្នំពេញ”​។ លោកបន្តថា “យើង​ក៏​នឹង​ពិនិត្យមើល​ការពង្រីក​ទៅតាម​បណ្តាខេត្ត​ផងដែរ​”។

លោក​បញ្ជាក់ថា ​អ្នក​អាច​មើលឃើញ​នៅពេលនេះ​ថា ផលិតផ​ល​​​កូរ៉េ​ជាច្រើន ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​ខ្មែរ ជាពិសេ​ស​ផលិត​ផល​គ្រឿងសម្អាង​។ យើង​នឹង​កំណត់​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​​។​

សារព័ត៌មាន Korea Economy Daily បាន​លើកឡើងថា E-Mart Inc. គ្រោង​នឹង​បើក​ដំណើរការ​ ហាង​ទំនិញ​កូរ៉េខាងត្បូង​ដំបូង​គេ​នៅ​កម្ពុជា ខណៈដែល​ក្រុមហ៊ុន​ហាង​ផ្សារ​ទំនើប ​លក់រាយ​ឈានមុខ​គេ​របស់​កូរ៉េ​មួយ​នេះ ​មាន​បំ​ណង​ពង្រីក​វត្ត​មាន នៅ​ទីផ្សារ​ក្រៅ​ប្រ​ទេស ជាពិសេស​តំបន់​អាស៊ីអាគ្នេយ៍​។​

ប្រតិបត្តិ​ករ​ហាង​ទំនិញ​ធំ​លំដាប់​លេខ៤​ នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ គ្រោង​នឹង​បើក​សាខា​ដំបូង​របស់ខ្លួន ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងអំឡុង​ឆមាស​ទី​១ ឆ្នាំ ២០២៤​ បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​រួម ហៅថា E-Mart24 Cambodia រវាង​ក្រុមហ៊ុន Saisons និង​ក្រុមហ៊ុន Hanlim​។

E-Mart ជា​សម្ព័ន្ធ​ផ្សារ​ទំនើប​ឈានមុខ​គេ​ របស់​ប្រទេស​កូរ៉េខាងត្បូង ​មាន​គោលបំណង​បង្កើន​ចំនួន​ហាង​នៅ​កម្ពុជា ​ជា​បន្តបន្ទាប់​ដល់​ចំនួន១០០​ ហាង​ក្នុង​រយៈពេល៥ឆ្នាំ អាស្រ័យ​លើ​លក្ខខណ្ឌ​ទីផ្សារ​។​

មន្ត្រី​ក្រុមហ៊ុន E-Mart24 ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​លបាន​ថ្លែងថា​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​បោះជំហាន​ចូលក្នុង​ប្រទេស​កម្ពុ​ជា​ប្រកបដោយ​ជោគជ័យ ខណៈ​យើង​ក៏​កំពុង​ពិចារណា ​លើ​ការចូលទៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​ផងដែរ​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here