កម្ពុជាគ្រោងចាប់ផ្តើមបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌានៅដើមឆ្នាំ២០២៤ខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលកម្ពុជា និងប្រទេសឥណ្ឌា ខិតទៅជិតបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ប្រជាពលរដ្ឋនៃប្រទេ​សទាំងពីរ អាចនឹងទន្ទឹងរង់ចាំចំពោះការដាក់ឱ្យប្រើប្រាស់ ផ្លូវហោះហើរត្រង់រវាងប្រទេសទាំង២នៅដើមឆ្នាំក្រោយ។

នេះបើយោងតាមសារពត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែសីហា។

លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានលើកឡើងថា ការវិវឌ្ឍន៍នេះ គឺស្របតាមការរីកចម្រើន គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។

លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា ជើងហោះហើរត្រង់រវាងប្រទេសទាំង២ នឹងចាប់ផ្តើមបើកដំណើរការ នៅដើមឆ្នាំ២០២៤ខាងមុខ។

នៅពេលដែលផែនការនេះក្លាយជាការពិត កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំសំបើម ពីការកើនឡើងនៃលំហូរភ្ញៀវទេសច​រណ៍ ឱកាសពាណិជ្ជកម្ម និងកំណើនសក្តានុពល ក្នុងការវិនិយោគ ពោលគឺស្រដៀងទៅនឹងលទ្ធផលវិជ្ជមាន ដែលគេបានសង្កេតឃើញជាមួយនឹងការហោះហើរត្រង់ រវាងប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត។

ដោយសារឥណ្ឌាជាប្រទេស ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក រហូតដល់ជាង១ពាន់លាននាក់។ ដូច្នេះ បណ្តាប្រទេសនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន បាននិងកំពុងស្វែងរកចំណែកទីផ្សារ ទេសចរណ៍ឥណ្ឌា ដែលជាឱកាសផ្តល់ប្រាក់ចំណេញ ដល់ប្រទេសពួកគេបានយ៉ាងសកម្ម។

យោងតាមក្រសួងទេសចរណ៍ របស់ប្រទេសឥណ្ឌាបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ជនជាតិឥណ្ឌាចំនួន២១.០៩៦.២១៧នាក់បានធ្វើដំណើរទៅក្រៅប្រទេស ដោយសារប្រទេសនានា បានបើកព្រំដែនរបស់ពួកគេឡើងវិញជាបណ្តើរៗ សម្រាប់ភ្ញៀវទេសចរ បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here