ដោយៈ តែម សុខុម
ភ្នំពេញ: គណៈប្រតិភូមកពីប្រទេសចិន និងអង្គការUNICEF កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា បានចាប់ផ្តើមដំណើរទស្សនកិច្ចចុះមូលដ្ឋានរយៈពេល៣ថ្ងៃនៅកម្ពុជា ដើម្បីសិក្សាសមិទ្ធលទ្ធភាពសម្រាប់ការអនុវត្តសាកល្បងបច្ចេកវិទ្យា និងដំណោះស្រាយទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុនៅកម្ពុជា។
អង្គការ UNICEF បានចេញសេចក្តីថ្លែងការណ៍ថា គម្រោងសហប្រតិបត្តិការកម្ពុជា-ចិន លើផ្នែកទឹកស្អាត និងអនាម័យដែលមានភាពធន់ចំពោះអាកាសធាតុ គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង (South-South Cooperation Programme) រវាងប្រទេសទាំងពីរ និងអង្គការ UNICEF។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា “បេសកកម្មសិក្សាសមិទ្ធលទ្ធភាពនៅកម្ពុជា នេះមានគោលដៅប្រើប្រាស់ ជំនាញបច្ចេកទេសរបស់ប្រទេសចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមក នៅក្នុងតំបន់ទីប្រជុំជន និងជនបទដើម្បីជួយកំណត់ពីចំណុចខ្វះខាត ផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។
លោក Will Parks តំណាងអង្គការ UNICEF ប្រចាំកម្ពុជា មានប្រសាសន៍ថា សន្ទស្សន៍ហានិភ័យអាកាសធាតុ ចំពោះកុមារ (Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជា ជាប់ចំណាត់ថ្នាក់កំពូលទី៣ ក្នុងចំណោមប្រទេសនានា ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយថា កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត។
លោកបន្តថា “យើងសូមអរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន និងអង្គការ UNICEF ប្រចាំប្រទេសចិន ដែលបានផ្តល់ការគាំទ្រក្នុងការអនុវត្ត ការឆ្លើយតបប្រកបដោយនវានុវត្តន៍ និងមានភាពធន់ចំពោះអាកាសធាតុ ដែលបង្កើតបរិស្ថានប្រកប ដោយនិរន្តរភាពសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត”។
យោងតាមសេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា នៅកម្ពុជា ប្រជាជនម្នាក់ ក្នុងចំណោម៤នាក់នៅតាមទីជនបទ នៅតែមិនអាចទទួលបានប្រភពទឹកស្អាត និងអនាម័យប្រសើរជាងមុន ដែលបង្កហានិភ័យដល់សុខភាពសាធារណៈ រារាំងដល់ការអភិវឌ្ឍ និងបណ្តាលឱ្យមានហានិភ័យនៃភាពកខ្វក់ចំពោះធនធានទឹក។
សេវាទឹកស្អាត និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជន នៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះចំនួន២២% ធៀបនឹង២%នៅក្នុងតំបន់ទីប្រជុំជន៕ Xinhua៕