តើកម្ពុជាជាប់ចំណាត់ថ្នាក់លេខប៉ុន្មាននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDGs)?

0

ដោយៈ តែម សុខុម

បាងកក: ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០៣ទូទាំងពិភពលោក នៅក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (SDGs)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែសីហា។

ទន្ទឹមនេះបណ្ដាញ United Nations Global Compact Network Thailand (UNGCNT) បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហាកន្លងមកថា ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណោម១៦៦ប្រទេស ដែលកំពុងធ្វើកិច្ចការលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)។

ដោយលើកឡើងពីរបាយការណ៍អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពឆ្នាំ២០២៣ របស់បណ្តាញដំណោះស្រាយអភិវឌ្ឍន៍ ប្រកប​ដោ​យនិរន្តរភាព (SDSN) នាយកប្រតិបត្តិបណ្តាញ UNGCNT លោកស្រី ថាន់យ៉ាផន គ្រីចទីតាយ៉ាវុធ (Thanyaporn Krichtitayawuth ) បានលើកឡើងថា ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ៤៤ កាលពីឆ្នាំមុន។

លោកស្រីបន្ថែមថា ប្រទេសថៃ ទទួលបាន៧៤,៧ពិន្ទុក្នុងឆ្នាំនេះ គឺខ្ពស់ជាងពិន្ទុជាមធ្យម សម្រាប់អាស៊ីបូព៌ា និងអាស៊ីខាងត្បូង ដែលទទួលបាន៦៧,២ពិន្ទុ។

ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា (២០១៩-២០២៣) តាមពីក្រោយដោយប្រទេសវៀតណាម (ចំណាត់ថ្នាក់លេខ៥៥ ទូទាំងពិភពលោក) សិង្ហបុរី (ចំណាត់ថ្នាក់លេខ៦៤) ឥណ្ឌូនេស៊ី (ចំណាត់ថ្នាក់លេខ៧៥) ម៉ាឡេស៊ី (ចំណាត់ថ្នាក់លេខ៧៨) ហ្វីលីពីន (ចំណាត់ថ្នាក់លេខ៩៨) ព្រុយណេ (ចំណាត់ថ្នាក់លេខ១០២) កម្ពុជា (ចំណាត់ថ្នាក់លេខ១០៣) ឡាវ (ចំណាត់ថ្នាក់លេខ១១៥) និងមីយ៉ាន់ម៉ា (ចំណាត់ថ្នាក់លេខ១២៥)។

ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (SDGs) ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន វិស័យធុរកិច្ចថៃ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងការសម្រេចបាននូវគោលដៅទាំងនេះជាពិសេស SDG4 (ការអប់រំប្រកបដោយគុណភាព) SDG6 (ទឹកស្អាត និងអនាម័យ) SDG7 (ថាមពលស្អាត និងតម្លៃសមរម្យ) និង SDG12 (ការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ)៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here