គ្រប់ខ្សែភ្នែកកំពុងបង្វែរផ្តោតមើលលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សចិន Country Garden

0

ដោយ: គង់ លាងហួរ

ហុងកុង: ស្ថានភាពដែលក្រុមហ៊ុនCountry Garden Holdings កំពុងប្រឈម នឹងបញ្ហាប៉ះទង្គិចខាងសាច់ប្រាក់ នឹងក្លាយជាការផ្តោតមើលជាសំខាន់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឯកជនដ៏ធំបំផុតមួយនេះ គ្រោងចេញផ្សាយលទ្ធផលហិរញ្ញវត្ថុ របស់ខ្លួននៅថ្ងៃពុធ។

ភាពតានតឹងផ្នែកសាច់ប្រាក់ នៅក្នុងក្រុមហ៊ុនបានលេចចេញឡើងជាសាធារណៈក្នុងខែសីហានេះ បន្ទាប់ពីក្រុមហ៊ុនខកខានការទូទាត់គូប៉ុងប្រាក់ដុល្លារចំនួន២  ដែលបង្កឱ្យមានការភ័យខ្លាចនៃការឆ្លងរាលដាលកាន់តែខ្លាំង នៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជួបការលំបាករបស់ប្រទេសចិន និងជះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចចិនកាន់តែទូលំទូលាយ។

បំណុលសរុបរបស់ Country Garden មានប្រហែល១៩៤ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនបានព្រមានទុករួចមកហើយអំពីការខាតបង់សុទ្ធ រហូតដល់ទៅ៥៥ពាន់លានយ័ន (៧,៥៥ពាន់លានដុល្លារ) ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ ដែលជាការដាំក្បាលចុះដ៏គួរឱ្យភ្ញាក់ផ្អើល បើធៀបនឹងការខាតបង់ត្រឹមតែ៦,៧ពាន់លានយ័នក្នុងឆមាសទីពីរនៃឆ្នាំ២០២២។

ដូចទៅនឹងអ្នកអភិវឌ្ឍដទៃឯទៀតដែរ Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដ៏ធំបំផុតរបស់ប្រទេសចិន បើគិតពីបរិមាណនៃការលក់រហូតដល់ឆ្នាំនេះ បានរងគ្រោះជាទំងន់ ដោយសា​រការធ្លាក់ចុះប្រាក់ចំណេញ ខណៈការលក់អចលនទ្រព្យ និងតម្លៃផ្ទះបានធ្លាក់ចុះ ចំពេលដែលសេដ្ឋកិច្ចចិនកំពុងយ៉ាប់យឺន។

ការលក់ធ្លាក់ចុះ គួបផ្សំនឹងលទ្ធភាពទទួលបានមូលនិធិថ្មីៗ កាន់​តែតឹងរ៉ឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យស្ថានភាពវិបត្តិសាច់ប្រាក់ របស់អ្នកអភិវឌ្ឍកាន់តែវិវឌ្ឍអាក្រក់ទៅៗ។

អ្នកវិភាគម្នាក់ រួមជាមួយធនាគារវិនិយោគបរទេស បានលើកឡើងថា វិនិយោគិនកំពុងស្វែងរកព័ត៌មានលម្អិត អំពីបំណុលរយៈពេលខ្លី និងកម្ចីធនាគារថ្មី ដើម្បីយល់កាន់តែច្បាស់ អំពីលំហូរសាច់ប្រាក់របស់ Country Garden ។

មន្ត្រីក្រុមហ៊ុនបានអះអាងថា ដោយសារតែមូលនិធិភាគច្រើនរបស់ក្រុមហ៊ុន ត្រូវបានចាក់សោទុកនៅក្នុងគណនី រក្សាទុកដោយភាគីទី៣ (Escrow Account) របស់អ្នកម៉ៅការគម្រោង ដើម្បីធានាការប្រគល់ផ្ទះក្នុងរយៈពេល២ឆ្នាំខាងមុខ ដូច្នេះ ក្រុមហ៊ុនមានសាច់ប្រាក់តិចតួចណាស់សម្រាប់សងបំណុល។

Country Garden បានបដិសេធមិនធ្វើអត្ថាធិប្បាយ មុនពេលចេញផ្សាយលទ្ធផលប្រាក់ចំណូលរបស់ខ្លួន។ ក្រុមហ៊ុននេះ ក៏នឹងមិនបើកកិច្ចប្រជុំជាមួយអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ បន្ទាប់ពីការប្រកាសរបាយការណ៍ ប្រាក់ចំណូល ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនរំលងសន្និសីទទាំងនេះក្នុងរយៈពេលជាច្រើនឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here