ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Thai Honda Manufacturing Co ដែលជាក្រុមហ៊ុនផលិត និងចែកចាយម៉ូតូក្នុងស្រុកមានការព្រួយបារម្ភជាខ្លាំងអំពីការកើនឡើងនៃបំណុលគ្រួសាររបស់ប្រទេសថៃ។
ទន្ទឹមគ្នានេះ ផែនការរបស់ធនាគារកណ្តាលថៃក្នុងការគ្រប់គ្រងប្រតិបត្តិករអាជីវកម្មជួល និងទិញ-ជួលរថយន្តនឹងជះផលប៉ះពាល់ដល់ការលក់ម៉ូតូរបស់ប្រទេសថៃនៅឆ្នាំនេះ។
-->
លោក Wiwat Lertpati ប្រធានផ្នែកលក់ និងផ្នែកទីផ្សាររបស់ក្រុមហ៊ុនខាងលើបានមានប្រសាសន៍ថា បទប្បញ្ញត្តិថ្មីរបស់ធនាគារកណ្តាលមានគោលបំណងទប់ស្កាត់អត្រានៃបំណុលគ្រួសារពីការកើនឡើង និងគ្រប់គ្រងវិស័យមិនមែនហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់បរិមាណនៃការលក់ម៉ូតូនៅក្នុងប្រទេស។
លោកបានបន្តថា “វិធានការនេះអាចប៉ះពាល់ដល់បរិមាណលក់នៅទីផ្សារក្នុងស្រុក ខណៈក្រុមហ៊ុនរំពឹងថា បរិមាណលក់ក្នុងប្រទេសនឹងធ្លាក់ចុះចន្លោះពី៥ ទៅដល់១០% នៅឆ្នាំ២០២៣នេះ”។
ការអនុវត្តសេចក្តីព្រាងព្រះរាជក្រឹត្យរបស់ធនាគារកណ្តាលថៃស្តីពីអាជីវកម្មជួលរថយន្តត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅចន្លោះចុងឆ្នាំនេះ និងដើមឆ្នាំ២០២៤ខាងមុខ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ឧស្សាហកម្មម៉ូតូក្នុងស្រុកនឹងបន្តកើនឡើង ដោយសារឧស្សាហកម្មទេសចរណ៍បង្កើនកំណើនតម្រូវការ ខណៈពេលដែលកង្វះខាតបន្ទះឈីប semiconductor បានធូរស្រាល ដោយជួយដល់សមត្ថភាពផលិតម៉ូតូ និងបរិមាណលក់។
ក្រុមហ៊ុន Thai Honda បានបញ្ចេញម៉ូតូស៊េរីថ្មីដែលមានឈ្មោះថា New Honda Giorno Plus។ លោកWiwat បានបន្ថែមថា “ក្រុមហ៊ុនក៏មានគម្រោងនាំចេញម៉ូដែលនេះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ ខណៈប្រទេសថៃជាមូលដ្ឋានផលិតកម្មរបស់យើង”៕