តែម សុខុម
បាងកក: នាយករដ្ឋមន្ត្រីទើបចូលកាន់តំណែងរបស់ថៃ លោក Srettha Thavisin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន រដ្ឋាភិបាលរបស់លោកគ្រោងជួសជុលលម្អអាកាសយានដ្ឋានទូទាំងប្រទេស ហើយក៏គ្រោងសាងសង់អាកាសយានដ្ឋានថ្មីពីរផងដែរ ដោយមួយនៅឈៀងម៉ៃ និងមួយទៀតនៅភូកេត។
លោកថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ របស់លោកនឹងប្រឹងប្រែងដើម្បីជំរុញវិស័យទេសចរណ៍ដែលគ្របដណ្ដប់ទាំងផ្ទាល់ និងប្រយោលប្រមាណ១ភាគ៥នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។ លោកបន្ថែមថា អាកាសយានដ្ឋានទាំងអស់នៅទូទាំងប្រទេសថៃ នឹងត្រូវធ្វើការជួសជុលកែលម្អឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
លោកលើកឡើងថា គណបក្សរបស់លោកក៏បានកំណត់គោលដៅសាងសង់អាកាសយានដ្ឋានថ្មីៗផងដែរនៅឈៀងម៉ៃ និងភូកេត ដែលជាគោលដៅដ៏សំខាន់ពីរសម្រាប់អ្នកធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។នៅឈៀងម៉ៃ អាកាសយានដ្ឋានថ្មីនឹងធ្វើឱ្យភ្ញៀវទេសចរធ្វើដំណើរទៅមកអំឡុងពេលយប់កាន់តែមានផាសុកភាព។ លោកបានគូសបញ្ជាក់ថា អាកាសយានដ្ឋានដែលមានស្រាប់នៅមានកម្រិតនៅឡើយ ឬគ្មានលក្ខណសម្បត្តិល្អគ្រប់គ្រាន់។






