ដោយ: គង់ លាងហួរ
ក្រុងឡុងដ៍: រដ្ឋាភិបាលអង់គ្លេស បានពន្យារពេលការត្រួតពិនិត្យបញ្ហាសុខភាព និងសុវត្ថិភាព លើការនាំចូលអាហារពីសហភាពអឺរ៉ុបជាលើកទី៥ក្នុងរយៈពេល៣ឆ្នាំ ស្របពេលមានការព្រួយបារម្ភថា ការត្រួតពិនិត្យបន្ថែម នឹងជំរុញឱ្យតម្លៃអាហារកើនឡើង និងរំខានដល់ការផ្គត់ផ្គង់សំខាន់ៗ។
ការពន្យារពេលចុងក្រោយបំផុតនេះបង្ហាញថា ចក្រភពអង់គ្លេសនៅតែពិបាកទប់ទល់នឹងផលវិបាក នៃការចាកចេញពីសហភាពអឺរ៉ុប កាលពីខែមករា ឆ្នាំ២០២០ ដែលបានបង្កើនថ្លៃចំណាយលើអាជីវកម្មរបស់ប្រទេសអង់គ្លេស និងបានធ្វើឱ្យពាណិជ្ជកម្ម ការវិនិយោគ និងចុងក្រោយគឺកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ។
Brexit បានជំរុញឱ្យអតិផរណាហក់ឡើងខ្ពស់កប់ពពក នៅចក្រភពអង់គ្លេសរួចមកហើយ តាមរយៈការមិនយល់ស្របគ្នា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដ៏សំខាន់បំផុតរបស់ប្រទេសនេះ ដោយធ្វើឱ្យប្រាក់ផោនធ្លាក់ថ្លៃ និងជំរុញឱ្យការនាំចូលមានតម្លៃថ្លៃជាងមុន។ Brexit គឺជាការដកខ្លួនរបស់ចក្រភពអង់គ្លេស (UK) ចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
យោងតាមការសិក្សាថ្មីៗនេះ ដោយសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍បានរកឃើញថា Brexit ទទួលខុសត្រូវចំពោះអតិផរណាតម្លៃម្ហូបអាហាររបស់ចក្រភពអង់គ្លេសប្រហែល១/៣ ចាប់តាំងពីឆ្នាំ២០១៩ ដោយបន្ថែមទឹកប្រាក់ជិត៧ពាន់លានផោន (៨,៨ពាន់លានដុល្លារ) ទៅក្នុងវិក័យប័ត្រគ្រឿងទេស។រដ្ឋាភិបាលអង់គ្លេស មានការព្រួយបារម្ភ និងអន្ទះសារយ៉ាងខ្លាំង ដើម្បីជៀសវាងចំពោះការធ្វើអ្វីមួយ ដែលអាចបង្កឲ្យបញ្ហាវិវឌ្ឍកាន់តែអាក្រក់។
យោងតាមសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានបង្ហាញថា ការត្រួតពិនិត្យព្រំដែន លើការនាំចូលស្បៀងអាហារ ពីសហភាពអឺរ៉ុប ដែលផ្គត់ផ្គង់២៨% នៃអាហារប្រើប្រាស់ក្នុងចក្រភពអង់គ្លេស អាចរំខានដល់ការផ្គត់ផ្គង់។រដ្ឋាភិបាលបានអះអាង កាលពីថ្ងៃអង្គារកន្លងមកថា “ការពន្យារពេលលើកាលកំណត់ នឹងផ្តល់ពេលវេលាបន្ថែម ដល់ភាគីពាក់ព័ន្ធដើម្បីរៀបចំសម្រាប់ការត្រួតពិនិត្យថ្មី”៕






