ដោយៈ តែម សុខុម
សេអ៊ូល: វាជាដំណឹងដ៏ល្អ ដែលខេត្តគ្យុងសាងខាងជើង (North Gyeongsang) នៃប្រទេសកូរ៉េខាងត្បូង កំពុងជំរុញលើកទឹកចិត្តឱ្យយុវជនខ្មែរ រួសរាន់ដាក់ពាក្យប្រលង ដើម្បីចូលរៀននៅតាមវិទ្យាល័យរបស់ខ្លួន ដើម្បីបណ្តុះប្រជាជន ដែលមានសក្តានុពលនាពេលអនាគត។
ក្រៅពីយុវជនខ្មែរ យុវជនមកពីប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី ក៏មានសិទ្ធិដាក់ពាក្យប្រលង ក្នុងកម្មវីធីនេះដែរ ដើម្បីមានឱកាសទៅសិក្សា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា នេះ។ 
-->
បច្ចុប្បន្នខេត្តគ្យុងសាងខាងជើង កំពុងស្ថិតក្នុងដំណើរការជ្រើសរើសយុវជនចំនួន៧២នាក់ មកពី៦ប្រទេសក្នុងអាស៊ី រួមមានចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងកម្ពុជា សម្រាប់ការចូលរៀននៅតាមសាលាក្នុងខេត្តនេះ សម្រាប់ឆ្នាំសិក្សាខាងមុខ ដែលនឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៤។
លោកស្រី គីម មីចុង (Kim Mi-jeong) ប្រធានកម្មវិធីនេះនៅការិយាល័យអប់រំខេត្តខាងលើនេះ បានប្រាប់សារព័ត៌មាន The Korea Herald ថា “ដូចសិស្សជនជាតិកូរ៉េ ដទៃទៀតដែរ គឺសិស្សបរទេស នឹងមិនត្រូវតម្រូវឱ្យបង់ថ្លៃសិក្សាឡើយ ប៉ុន្តែពួកគេនឹងត្រូវចេញថ្លៃចំណាយ លើការរស់នៅផ្ទាល់ខ្លួន ដូចជា ថ្លៃអន្តេវាសិកដ្ឋានជាដើម”។
លោកស្រីបញ្ជាក់ថា “ការអប់រំតាមសាលារដ្ឋ ក្នុងប្រទេសកូរ៉េខាងត្បូង មិនគិតថ្លៃចាប់ពីកម្រិតបឋមសិក្សាដល់កម្រិតវិទ្យាល័យ”។សាលាចំនួន៩ដែលភាគច្រើន ជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងទទួលសិស្សបរទេសតាមរយៈកម្មវិធីនេះ។
បេក្ខជនដាក់ពាក្យក្នុងកម្មវិធីនេះ ត្រូវដាក់ជូនកំណត់ត្រាសិក្សាពីអនុវិទ្យាល័យ និងពិន្ទុកម្រិត២ ឬខ្ពស់ជាងនេះ នៅក្នុងការតេស្តសមត្ថភាពភាសាកូរ៉េ ដែលគេស្គាល់យ៉ាងទូលំទូលាយថា TOPIK៕ The Nation៕