ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ទីផ្សារខុនដូមិនទាន់មានសកម្មភាពអភិវឌ្ឍន៍នៅឡើយទេ ប៉ុន្តែជនបរទេសមួយចំនួនបានចាប់អារម្មណ៍ទិញខុនដូនៅកម្ពុជាបណ្តើរៗហើយ។
អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា សកម្មភាពរបស់អ្នកវិនិយោគអន្តរជាតិធំៗ និងអ្នកវិនិយោគក្នុងស្រុក ស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែមានចរន្តដោះដូរតិចតួច ពិសេសការទិញខុនដូជាយូនីត ពីសំណាក់ជនជាតិសឹង្ហបុរី ម៉ាឡេស៊ី ថៃ កូរ៉េជាដើម។
-->
លោកស្រីបន្តថា “ការវិនិយោគក្នុងទំហំតូចៗនេះ មិនបានជួយដល់ទីផ្សារច្រើននោះទេ” ។លោកស្រីបន្តថា “ការវិនិយោគបុរីក៏មានសភាពស្ងប់ស្ងាត់ផងដែរ ប៉ុន្តែសម្រាប់ការទិញផ្ទះពីម្ចាស់ដើម ដែលលក់ប្រញាប់ និងមានតម្លៃក្រោមទីផ្សារមានការទិញលក់ខ្លះៗ”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញ លក់ខុនដូ មានចរន្តកើនឡើងវិញខ្លះៗ ប៉ុន្តែមិនមានសញ្ញាវិជ្ជមានជាដុំកំភួននោះទេ។
លោកបន្តថា ចំណែកទីផ្សារនៅក្រុងព្រះសីហនុ មានសកម្មភាពជួលច្រើនជាងការទិញ ដោយសារកំនើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕