តើឥទ្ធិពលនៃបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិនអាចជះផលប៉ះពាល់កម្រិតណាមកលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងពេញទំហឹងរបស់ប្រទេសចិនត្រូវបានគេមើលឃើញថាជា ការជំរុញសក្តានុពលសម្រាប់ឧស្សាហកម្មផលិតកម្មពិភពលោក។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន គួបផ្សំនឹងវិបត្តិអចលនវត្ថុ ត្រូវបានគេរំពឹងថា នឹងបណ្តាលឱ្យមានផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ចពិភពលោក បើធៀបទៅនឹងឆ្នាំមុនៗ។

ក្តីបារម្ភនានាកំពុងពុះកញ្ជ្រោលឡើងថា ការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអាចរារាំងវឌ្ឍនភាពនៅក្នុងឧស្សាហកម្មផលិតកម្មពិភពលោក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានស្រាវជ្រាវរបស់ធនាគារកណ្តាលកូរ៉េ (BOK) បានបញ្ជាក់ថា “ឥទ្ធិពលជាដុំកំភួនទៅលើសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងទុក បន្ទាប់ពីការបើកទ្វារឡើងវិញរបស់ប្រទេសចិន ដោយសារតែការកើនឡើងរបស់ប្រទេសនេះ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកាត់បន្ថយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់”។

ទោះជាយ៉ាងនេះក្តី តួនាទីដ៏មានឥទ្ធិពលរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មផលិតកម្មពិភពលោកបានធ្លាក់ចុះ ដោយតម្រូវការសម្រាប់ទំនិញប្រើប្រាស់បានយូរនៅមានកម្រិតទាប ហើយតម្រូវការសម្រាប់ការប្រើប្រាស់សេវាកម្មកំពុងកើនឡើង។

ភាពមិនច្បាស់លាស់ជុំវិញទិសដៅសេដ្ឋកិច្ចរបស់ប្រទេសចិន ស្របពេលមានវិបត្តិអចលនទ្រព្យនាពេលថ្មីៗនេះ កំពុងបណ្តាលឱ្យទាំងបុគ្គល និងក្រុមហ៊ុននានាមានការប្រុងប្រយ័ត្នខ្ពស់ និងមិនចង់ប្រថុយប្រថាន ដែលកត្តាទាំងនេះបណ្តាលឱ្យតម្រូវការខាងក្រៅមានការថយចុះ។

ការផ្លាស់ប្តូរនេះក៏ត្រូវបានជំរុញផងដែរ ខណៈបណ្តាប្រទេសសេដ្ឋកិច្ចធំៗ កំពុងរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ក្រោយជំងឺរាតត្បាតសកល ជាមួយនឹងការសង្កត់ធ្ងន់លើឧស្សាហកម្មជឿនលឿន ដើម្បីរក្សាភាពលេចធ្លោនៅក្នុងសមត្ថភាពបច្ចេកវិទ្យា និងផលិតកម្មរបស់ពួកគេ។

អាស្រ័យហេតុនេះ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសជឿនលឿនខាងផ្នែកបច្ចេកវិទ្យាកំពុងធ្លាក់ចុះ ដោយសារទីក្រុងប៉េកាំងប្រឈមនឹងការរឹតត្បិតសិទ្ធិចូលប្រើបច្ចេកវិទ្យាទំនើប ដែលកើតចេញពីភាពតានតឹងជាមួយសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here