តែម សុខុម
បាងកក: ទីផ្សារខុនដូក្នុងប្រទេសថៃ ត្រូវបានរំពឹងថានឹងទទួលបានកំណើនពីគោលនយោបាយ “គ្មានទិដ្ឋាការ” ជាផ្នែកមួយនៃវិធានការជំរុញសេដ្ឋកិច្ចដែលរដ្ឋាភិបាលរបស់លោក Srettha Thavisin បានដាក់ចេញ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។
លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Property DNA Co Ltd ជឿជាក់ថា គោលនយោបាយ “គ្មានទិដ្ឋាការ” នេះនឹងផ្ដល់ប្រយោជន៍ដល់ឧស្សាហកម្មទេសចរណ៍ថៃ ជាពិសេសនៅក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យត្រលប់មកកាន់ប្រទេសថៃ វិញក្នុងចំនួនកាន់តែច្រើន។
-->
មានការកើនឡើងគួរឱ្យកត់សម្គាល់នូវភ្ញៀវទេសចរចិន ដែលមកលេងប្រទេសថៃ ចាប់ពីខែមករា ដល់ខែកក្កដា ដែលមានចំនួនសរុបប្រមាណជាង១,៨លាន ហើយចំនួននេះត្រូវបានរំពឹងថានឹងកើនលើស៥លាននាក់នៅដំណាច់ឆ្នាំនេះ។
ខណៈទីផ្សារអចលនទ្រព្យប្រហែលជាមិនដំណើរការល្អក្នុងប្រទេសចិន អ្នកវិនិយោគចិន មួយចំនួននៅតែចាប់អារម្មណ៍វិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា ភាពងាយស្រួលដើរតួនាទីយ៉ាងសំខាន់សម្រាប់ពួកគេ ហើយប្រទេសថៃ ចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិន ក្នុងការធ្វើធុរកិច្ចនៅទីនេះ។
លោក Surachet Kongcheep បានលើកឡើងបន្ថែមទៀតថា បញ្ហាក្នុងស្រុករបស់អ្នកវិនិយោគចិន ទាំងនោះគឺជាអ្វីដែលពួកគេនឹងត្រូវដោះស្រាយដោយខ្លួនឯង។
ជនបរទេសនៅតែជាចំណែកមួយដ៏ធំនៃអ្នកទិញខុនដូក្នុងទីផ្សារប្រទេសថៃ។ ជារៀងរាល់ឆ្នាំ ជនបរទេសបានគ្របដណ្ដប់ប្រមាណពី១០%ទៅ១៥%នៃចំនួនអ្នកទិញខុនដូក្នុងប្រទេសថៃ ដែលជាចំណែកមួយដ៏ធំ។
នេះគឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗ ដែលជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតលើការបង្កើនកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងទីផ្សារ ដោយសារតែអ្នកទិញជាជនជាតិថៃ ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទីផ្សារខុនដូក្នុងរយៈពេលវែងនោះឡើយ។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារកសិកម្ម និងសហករណ៍កសិកម្មថៃ (BAAC) បង្ហាញថា សម្រាប់ឆមាសទី១ ដើមឆ្នាំនេះ អ្នកទិញជាជនជាតិចិន នៅតែគ្របដណ្តប់លើសលប់ក្នុងទីផ្សារអ្នកទិញខុនដូបរទេសនៅក្នុងប្រទេសថៃ។
ពួកគេមានចំនួនគ្របដណ្ដប់ខ្ពស់បំផុត នៃការទិញខុនដូសរុបចំនួន៣.៤៤៨យូនីតជាមួយនឹងតម្លៃសរុប៤៨២លានដុល្លារអាមេរិក ដែលតំណាងឱ្យប្រមាណ៤៧%នៃការទិញខុនដូរដោយជនបរទេសទាំងអស់នៅក្នុងប្រទេសថៃ អំឡុងឆមាសទី១ ដើមឆ្នាំនេះ៕ The Nation៕