ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដំណើរកំសាន្ត ផ្សារភ្ជាប់ជាមួយនឹងការធ្វើកិច្ចការមនុស្សធ៌ម និងចែកប័ណ្ណសរសើរដល់ប្រធានក្រុម សមាជិក សមាជិកាសាខាអភិវឌ្ឍន៍ អនុផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ទៅកាន់រមណីយដ្ឋានគិរីរម្យ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣កញ្ញាកន្លងមកនេះ មានថ្នាក់ដឹកនាំ សមាជិក សមាជិកាចូលរួមប្រមាណ៦០នាក់។
លោកយិន លាងគង់ ប្រធានសាខាអភិវឌ្ឍន៍ អនុផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនរាជធានី ភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១ ដើម្បីបង្កើនចំណងមិត្តភាព ភាតរៈភាព រវាងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងមហាគ្រួសារសាខាអភិវឌ្ឍន៍ ទី២ ដើម្បីចែកប័ណ្ណសរសើរ និងលើកទឹកចិត្តដល់ប្រធានក្រុម សមាជិក សមាជិកា ដែលបានចួលរួមបរិច្ចាកថវិកា កំលាំងកាយចិត្ត និងចូលរួមហែរបើក និងបិទ យុទ្ឋនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាកន្លងមក។
ទី៣ ដើម្បីធ្វើកិច្ចការសម្បុរសធ៌មមួយចំនួន ដោយចែកអំណោយជាសម្ភារៈសិក្សា និងថវិកាមួយចំនួនដល់សាលាដូង ដើម្បីយកទិញនិងរៀបចំសម្ភារៈបរិក្ខាផលិតទឹកស្អាតជូនកុមារបានបរិភោគ។លោកយិន លាងគង់បានបន្តថា ការចែករំលែកក្តីស្រលាញ់ និងអំណោយ ជាគ្រឿងឧបភោគ បរិភោគដល់សិស្សានុសិស្ស ឬប្រជាពលរដ្ឋក្រីក្រ មិនចាំបាច់ដល់តែយើងមានធនធាន មហាសាលនោះទេ គឺយើងអាចបរិច្ចាកតាមធនធានរបស់យើង និងតាមចំណេះដឹង និងពេលវេលារបស់យើង។ លោកបន្តថា កិច្ចការនេះ គួរជាកិច្ចការអាទិភាព ដែលអ្នកមានធនធានគួរធ្វើ ដើម្បីកសាងសង្គមមួយ ប្រកបដោយភាពស៊ីវិល័យនាពេលអនាគត។
សាខាអភិវឌ្ឍន៍មានពាក្យស្លោករបស់ខ្លួនគឺ “ស្រលាញ់ រួបរួម រីកចម្រើន”។
លោកយិន លាងគង់បានបន្តថា ការចូលរួមរបស់ថ្នាក់ដឹកនាំសាខា ប្រធានក្រុម និងសមាជិក សមាជិកា ជាធនធានថវិកាក្តី ជាអំណោយក្តី ជាពេលវេលាក្តី ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវសមានចិត្ត និងស្មារតីចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ ស្របនឹងគោលដៅរបស់ផែនសហគ្រិនវ័យក្មេង ក្រោមការដឹកនាំរបស់លោកបណ្ឌិត អោម សេង បូរ៉ា គឺ “ចង់ឃើញកម្ពុជា ក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស និងសហគ្រិនល្អ គឺជាជនស្នេហាជាតិ”។
ជាមួយគ្នានេះ លោកយិន លាងគង់ក៏សូមថ្លែងអំណរគុណដល់ លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនKFA លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង លោកCooler Tan លោកម៉េត មករា ម្ចាស់គំរោងBanteay Srei Eco City និងសម្បុរសជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកា ពេលវេលា កំលាំងកាយចិត្តសម្រាប់ធ្វើ់កិច្ចការមនុស្សធ៌ម ក៏ដូចជា ញាំងឲ្យកម្មវិធីដំណើរទស្សនកិច្ចនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕