ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមវិនិយោគិនក្នុងស្រុក និងអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យរដ្ឋាភិបាល កែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេសដ៏លេចធ្លោមួយ នៅក្នុងតំបន់អាស៊ាន។
លោកបណ្ឌិតលោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងមានវត្តមាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលថ្មីនេះ ដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនូវការកែទម្រង់យ៉ាងច្រើន ដើម្បីទាក់ទាញការវិនិយោគ មានទាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល ការរៀបចំឱ្យមានច្បាប់វិនិយោគជាដើម។
លោកបញ្ជាក់ថា “តាមពិតទៅយើងធ្វើបានល្អច្រើនហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធការរៀបចំច្បាប់ បទដ្ឋានគតិយុត្ត ការផ្លាស់ប្តូរមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកំណែទម្រង់នានា ដែលសំដៅទាក់ទាញការវិនិយោគពីក្រៅប្រទេស”។ លោកបន្ថែមថា “តែអ្វីដែលយើងនៅខ្វះ គឺធនធានមនុស្ស ដែលមានជំនាញពិតប្រាកដ ដែលនេះជាចំណុចសំខាន់មួយដែរ ដែលអាចធ្វើឱ្យបរទេស គេសម្រេចចិត្តមករកស៊ីនៅស្រុកយើង”។ លោកបណ្ឌិតតាន់ មុនីវណ្ណបានបន្ថែមថា ចំពោះការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សកលលោកនៅក្នុងអាស៊ាននេះ ត្រូវបានលើកឡើង ដោយនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ដោយគាត់បានបញ្ជាក់ថា អាស៊ាន គឺជាទិសដៅទាក់ទាញបំផុត សម្រាប់វិនិយោគិនបរទេស។
លោកបានបន្ថែមទៀតថា អាស៊ានបានធ្វើការងារច្រើនហើយ ដើម្បីជំរុញការវិនិយោគផ្ទាល់ពី បរទេសមកកាន់តំបន់ ដូចជា ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។ ម្យ៉ាងវិញទៀតប្រទេសក្នុងតំបន់អាស៊ាន គួរមានការចែករំលែកពីវិធីសាស្ត្រល្អជាពិសេសប្រទេស ដែលមានកំណើនFDI ខ្ពស់ គួរជួយបណ្តុះបណ្តាលប្រទេសជាសមាជិកផ្សេងទៀត ដើម្បីធ្វើឱ្យអាស៊ានកាន់តែខ្លាំង។
យោងតាមរបាយការណ៍ពរបស់ធនាគារជាតិ នៃកម្ពុជាបានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩ ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រភពទុនចម្បង មកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ លំហូរវិនិយោគនេះ គ្របដណ្តប់លើ វិស័យធំៗ ដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។
វិស័យហិរញ្ញវត្ថុ ទទួលបានការវិនិយោគពីបរទេស ក្នុងទំហំទឹកប្រាក់ច្រើនជាងគេ ក្នុងនោះក្រុមហ៊ុនដែលចូលមកវិនិយោគច្រើនជាងគេមានមកពី កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម។
លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងដែរថា មានកត្តាសំខាន់ៗជាច្រើន ដែលនៅតែជំរុញឱ្យវិនិយោគិនបរទេស ចាប់អារម្មណ៍លើការវិនិយោគ លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។លោកបានឱ្យដឹងថា កត្តាទាំងនោះមានដូចជា ការយកចិត្តទុកដាក់របស់ធនាគារជាតិ ក្នុងនាមជានិយតករ ក្នុងវិស័យនេះ ការអនុវត្តដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ តម្រូវការដើមទុនអប្បបរមាសម្រាប់ធនាគារ នៅមានកម្រិតទាបនៅឡើយ និងកត្តាផ្សេងៗជាច្រើនទៀត។
លោកបញ្ជាក់ថា “ការចែករំលែកព័ត៌មានស្តីពី ការអភិវឌ្ឍច្បាប់ និងបទប្បញ្ញត្តិស្តីពីធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានអំពីបរិយាកាសដែលពួកគេកំពុងធ្វើការ រួមទាំងព័ត៌មាននៅលើទីផ្សារ និងហានិភ័យដែលពាក់ព័ន្ធ ពិតជាមានសារៈសំខាន់”។លោកបន្តថា “វិនិយោគិនបរទេស មិនចាំបាច់ព្រួយបារម្ភ លើការផ្លាស់ប្តូរទៅជារូបិយប័ណ្ណក្នុងស្រុកទេ ព្រោះពួកគេអាចមានប្រតិបត្តិការ អាជីវកម្មរបស់ពួកគេជាដុល្លារអាមេរិកបាន ដែលនេះវាបង្កលក្ខណៈងាយស្រួលច្រើន ដល់អ្នកវិនិយោគ”។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា ធ្លាប់បានលើកឡើងថា ទោះបីជាមានវិបត្តិកូវីដ១៩ ដែលកំពុងបន្តកើតមាន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ លំហូរវិនិយោគផ្ទាល់ពីបរទេស មកកាន់ប្រទេសកម្ពុជានៅតែមានស្ថិរភាព ដោយទាក់ទាញបានចំនួន៣,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា “កម្ពុជាបានឈរនៅលំដាប់កំពូល ក្នុងបញ្ជីអ្នកវិនិយោគ ក្នុងប្រទេសកាលពីឆ្នាំមុន ដោយមានចំនួន៥៣,៥៤ភាគរយ តាមពីក្រោយដោយប្រទេសចិន មានចំនួន៤២,០១ភាគរយ ប្រទេសថៃចំនួន ១,០៩ ភាគរយ និងប្រទេសជប៉ុនចំនួន ០,៩៨ ភាគរយ។លោក វុទ្ធី បន្តថា តំបន់សេដ្ឋកិច្ចពិសេស មានភាពសំខាន់សម្រាប់ FDI។ SEZs បានទាក់ទាញកម្រិតសំខាន់ នៃការវិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជា។
ចំណែកអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាលោក បណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ថា ដើម្បីជំរុញកំណើននៃការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ទាំងរដ្ឋាភិបាលនិងវិស័យឯកជនត្រូវមានការពិភាក្សាគ្នាឱ្យបានលម្អិត ដើម្បីរៀបចំបរិយាកាសវិនិយោគថ្មីមួយ ដែលធ្វើឱ្យវិនិយោគិនបរទេស មានទំនុកចិត្តនិងផ្តល់ភាពចំណេញខ្ពស់នៅពេលគេសម្រេចបោះទុន។
លោកបន្តថា “ការរៀបចំគោលនយោបាយ ច្បាប់ ជារឿងសំខាន់ហើយដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រឹតតែសំខាន់ថែមទៀតឯតម្លៃអគ្គិសនី អាចជាកត្តាគួបផ្សំដ៏សំខាន់ ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស”។ លោកបន្ថែមថា “ព្រោះអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់គ្រប់វិស័យទាំងអស់ ក្រៅពីការចំណាយលើវត្ថុធាតុដើម កម្លាំងពលកម្ម និងបច្ចេកវិទ្យាឌីជីថល”៕