ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវដែកឡាវ-វៀតណាម ដែលធ្វើដំណើរពីស្រុកថាក់កុក ក្នុងខេត្តខាំមួន ទៅកាន់ព្រំដែនឡាវ-វៀតណាម ត្រូវបានគេរំពឹងថានឹងសាងសង់បញ្ចប់រួចរាល់ និងបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០២៨។
ក្រុមហ៊ុន Petroleum Trading Lao Public Company (PTL) សហការជាមួយសាជីវកម្មវិស្វកម្ម Yooshin និង Korea National Railway គ្រោងធ្វើការសិក្សាលើការរចនាលម្អិតនៃផ្លូវរថភ្លើងមុនពេលចាប់ផ្តើមការសាងសង់។
កិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍កាលពីសប្តាហ៍មុនដោយ លោក Chanthone Sitthixay ប្រធានក្រុមហ៊ុន Petroleum Trading Lao Public (PTL) លោក Chon Kyung-soon ប្រធានសាជីវកម្មវិស្វកម្ម Yooshin និងលោក Park Jin-Hyun នាយកប្រតិបត្តិនៃផ្លូវដែកជាតិកូរ៉េខាងត្បូង។
លោក Chanthone Sitthixay បានមានប្រសាសន៍ថា ផ្លូវដែកឡាវ-វៀតណាម នឹងត្រូវសាងសង់ក្នុងចម្ងាយ២៥០គីឡូម៉ែត្រ ហើយនឹងត្រូវចំណាយថវិកាសាងសង់២០០០លានដុល្លារអាមេរិក។
-->
លោកបន្តថា“ក្រុមហ៊ុនរបស់យើងបានទទួលសិទ្ធិជាអ្នកអភិវឌ្ឍន៍។ជាមួយគ្នានេះ យើងបានខិតខំប្រឹងប្រែងដើម្បីបំពេញកាតព្វកិច្ចរបស់យើងក្រោមគម្រោង ហើយសម្រេចបាននូវចំណុចសំខាន់ៗដូចជាការបញ្ចប់ និងការអនុម័តនៃការសិក្សាលទ្ធភាពសេដ្ឋកិច្ច និងបច្ចេកទេស ព្រមទាំងការសិក្សាផលប៉ះពាល់បរិស្ថានផងដែរ”។នៅពេលសាងសង់បញ្ចប់ និងបើកដាក់ឱ្យដំណើរការ ផ្លូវដែកឡាវ-វៀតណាម នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និងមានស្តង់ដារ។
លើសពីនេះ វានឹងជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន ដើម្បីបង្កើនការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ ហើយវានឹងក្លាយជាប្រភពចំណូលដែលអាចទុកចិត្តបានសម្រាប់ថវិការបស់រដ្ឋាភិបាលក្នុងរយៈពេលវែង។
ផ្លូវដែកនេះនឹងពង្រឹងការតភ្ជាប់របស់ប្រទេសឡាវជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងលើសពីនេះ ដែលកត្តាទាំងអស់នេះនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនឡាវ។
គោលបំណងរួមនៃគម្រោងផ្លូវដែកឡាវ-វៀតណាមនេះ គឺដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលឡាវ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្នុងការប្រែក្លាយពីប្រទេស ដែលគ្មានកំពង់ផែសមុទ្រ ទៅប្រទេសដែលមានផ្លូវគមនាគមន៍ដឹកជញ្ជូនតភ្ជាប់ទៅកាន់ពិភពលោក៕